គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិ Wales លោក Ryan Giggs បាននិយាយថា Gareth Bale រីករាយជាមួយនឹងក្រុម Real Madrid ហើយនឹងមិនចាកចេញពីក្លឹបឡើយ។

មានការតាមដាន និងចុះផ្សាយជាប្រចាំលើពត៌មាន ដែលទាក់ទង Bale ជាមួយនឹងការផ្លាស់ពីកីឡាដ្ឋាន Santiago Bernabeu ទៅកាន់ទឹកដី Old Trafford របស់ Man.United ខណៈអាជីពរបស់តារាវេលស៍រូបនេះបានប្រឈមនឹងបញ្ហាញាំញីដោយសាររបួសជាច្រើនខែកន្លងមក។

Bale បង្ហាញខ្លួនត្រឹមតែ ១០លើកប៉ុណ្ណោះនៅរដូវកាលនេះ ប៉ុន្តែសមត្ថភាពលេងរបស់អតីតកីឡាករក្រុម Tottenham រូបនេះនៅតែបង្ហាញថារូបគេបានវិលទៅរកភាពខ្លាំងវិញ ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ក្នុងការប្រកួតដណ្តើមយក៣ពិន្ទុ លើក្រុម Deportivo La Coruna ដោយលទ្ធផល ៧:១ និងបន្តជួយ Real Madrid ឈ្នះ Valencia ៤-១ ។

Giggs បាននិយាយប្រាប់ Marca ថា៖ “គាត់សប្បាយរីករាយនៅក្រុម Real Madrid គាត់(Bale)ចង់ស្នាក់នៅដោយគ្មានការសង្ស័យគាត់ដឹងថាគ្រូបង្វឹកនិងក្លឹបគោរពគាត់ ហើយគាត់ចង់បង្ហាញអ្នកគាំទ្រអំពីអ្វីដែលគាត់មានសមត្ថភាព” ។ “Bale គ្មានចេតនាចាកចេញទេ ហើយ Real Madrid នឹងមិនលក់កីឡាករនោះទេ ព្រោះវាច្បាស់ណាស់ថាក្រុម Man United ពិតជាល្អណាស់សម្រាប់គាត់ ប៉ុន្តែខ្ញុំគិតថាវាមិនមែនជាជម្រើសនៅពេលនេះទេ ហើយគាត់នឹងមិនចាកចេញពី Real Madrid ជាដាច់ខាត“។

ប្រភព៖ sportskeeda
Via :Cambosport