លោក Antonio Conte បាននិយាយថាមានហេតុផលជាច្រើនដែលក្រុមរបស់លោកចាញ់ក្រុម Bournemouth ដោយលទ្ធផល ៣-០ កាលពីយប់មិញ។ ការរងបរាជ័យ នៅសប្តាហទី២៥ របស់ Chelsea គឺជាការដើរថយក្រោយមួយជំហ៊ានទៀត នៅក្នុងរជ្ជកាលដឹកនាំរបស់គ្រូបង្វឹកអ៊ីតាលីលោក Conte បន្ទាប់ពីក្រុមបានអវត្តមានកីឡាករខ្សែការពាវ័យក្មេងឆ្នើមសញ្ជាតិដាណឺម៉ាក Andreas Christensen នៅនាទីទី២៨ តង់ទី១ និងប្តូរជំនួសដោយខ្សែការពារសញ្ជាតិអាឡឺម៉ង់វ័យ ២៤ឆ្នាំ Antonio Rudiger។

Chelsea បានបង្ហាញពីការខិតខំវាយសម្រុកនៅតង់ទី១ ដោយការស៊ុតសំដៅទីគូប្រកួតបាន ៥ដង ប៉ុន្តែមិនបានសម្រេចចំគោលដៅទេ ក្រោយខ្សែការពារ Christensen ការទទួលរងរបួស លោក Conte មិនមានជម្រើសដើម្បីបន្ថែមកំលាំងក្នុងការវាយសម្រុក បន្ទាប់ការចាកចេញរបស់ខ្សែប្រយុទ្ធបែលហ្សិក Michy Batshuayi ទៅកាន់ក្រុម Borussia Dortmund ខណៈការមកដល់របស់ខ្សែប្រយុទ្ធបារាំងកីឡាករ Olivier Giroud មិនទាន់មានសិទ្ធអាចចូលលេងបាន គឺបានត្រឹមតែបង្ហាញខ្លួនស្វាគមន៏ដល់អ្នកគាំទ្រក្រោយបញ្ចប់តង់ទី១។

លោក Conte បានប្រើវិធីសាស្រ្តដាក់កីឡាករខ្សែបម្រើអង់គ្លេសទើបទិញពីក្រុម Everton Ross Barkley នៅតំបន់គាំទ្រដោយចាប់ដៃគូជាមួយ Eden Hazard និង Pedro។ ទោះបីជាបែបនេះលទ្ធផលនៅមិនសមប្រកបសម្រាប់តង់ទី១ ខណៈអតីតគ្រូបង្វឹកក្រុម Juventus រូបនេះបាននិយាយថាៈ ខ្ញុំគិតថាពួកគេ(Bournemouth)សមនឹងទទួលបានជ័យជំនះ ហើយសម្រាប់ក្រុមយើងបានព្យាយាមលេង ដោយការតស៊ូ ប៉ុន្តែថ្ងៃនេះវាពិតជាលំបាកខ្លាំងណាស់ ទោះបីជាលទ្ធផលបានបញ្ចប់នៅតង់ទី១ 0:0 យ៉ាងនោះក្តី។ ដូចអ្វីដែលយើងបានឃើញ កូនក្រុមរបស់ខ្ញុំគាត់តស៊ូខិតខំបំផុតហើយ វាជារឿងសំខាន់ និងមិនមែនជាលេស ក្រោយការបរាជ័យនោះទេ យើងត្រូវតែទទួលយកលទ្ធផលនេះ បើនរណាម្នាក់មិនយល់ពីរឿងនេះ គឺពួកគេក៏មិនយល់ពីបាល់ទាត់ដែរ ហើយការប្រកួតមិនមែនជារឿងសាមញ្ញនោះឡើយ។