អ្នក​ចាត់​ការ Manchester United លោក Jose Morinho ក្នុង​ថ្ងៃ​នេះ​ បាន​ទិតៀន​ខ្សែ​ប្រយុទ្ធ​ Alexis Sanchez ថា​លេង​នៅ​ក្រោម​ពេក​នៅ​តង់​ទី ២ ក្នុង​ការ​ប្រកួត​យប់​មិញ។

លោក Mourinho បាន​ប្រាប់​ទៅ​អ្នក​សារព័ត៌មាន​ថា៖ “នៅ​ក្នុង​តង់​ទី ២ ខ្ញុំ​ព្យាយាម​ប្រាប់​ឲ្យ​គេ​(Sanchez)លេង​នៅ​ខាង​លើ ជិត Lukaku”។ លោក​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បន្ត៖ “ទោះ​ជា​យ៉ាង​ណា គេ​ចង់​ជួយ​ក្រុម​ក្នុង​ការការពារ អ៊ីចឹង​គេ​ចុះ​មក​លេង​នៅ​តំបន់​ខាង​ក្រោម ប៉ុន្តែ​ការ​ចុះ​ហ្នឹង​គឺ​ចុះ​ពេក ចុះ​រហូត​ដល់​ពិបាក​ក្នុង​ការ​ចាត់​ចែង​ទម្រង់​ក្រុម”។

ក្រោយ​និយាយ​បែប​នេះ លោក Mourinho ក៏​បាន​បក​មក​សរសើរ​ Sanchez វិញ​ថា៖ “គេ​ព្យាយាម​ណាស់​ក្នុង​ការ​ប្រកួត​ហ្នឹង។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​គេ​ខំ​បែប​នេះ”។

ខ្សែ​ប្រយុទ្ធ​ Alexis Sanchez ទើប​តែ​ចាក​ចេញ​ពី Arsenal មក​ចូល​រួម​ផ្លូវការ​ជាមួយ Manchester United កាល​ពី​ជាង ១០​ថ្ងៃ​មុន​ប៉ុណ្ណោះ។ ការ​ប្រកួត​ពេល​ប៉ះ​ជាមួយ Totteham Hotspur យប់​មិញ ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​មួយ​របស់​កីឡាករ​ស៊ីលី​ឲ្យ​ក្លឹប​ថ្មី​របស់​ខ្លួន​ក្នុង Premier League។ ទោះ​ជា​យ៉ាង​ណា Sanchez មិន​បាន​ស៊ុត​សូម្បី​មួយ​ជើង​ចំ​គោល​ដៅ​ក្នុង​ការ​ប្រកួត​មួយ​នេះ៕