អាជ្ញាកណ្តាលសញ្ជាតិបារាំងម្នាក់ ដែលបានទាត់ទៅលើកីឡាករម្នាក់ អំឡុងពេលនៃការប្រកួតមួយរបស់ក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ បានរងពិន័យព្យួររយៈពេល ៣ខែ ដោយប្រធានវិន័យ ជាមួយនឹងជម្រើសនៃការដាក់ពិន័យចំនួន ៣ខែបន្ថែមទៀត។

លោក Tony Chapron វ័យ៤៥ឆ្នាំ បានទាត់កីឡាករ Diego Carlos របស់ក្រុម Nantes នៅជិតបញ្ចប់ការប្រកួតជាមួយនឹងក្រុម Paris Saint-Germain កាលពីថ្ងៃទី១៤ ខែមករា ក្រោយពីត្រូវបានបុកឲ្យដួល ក្នុងពេលអ្នកទាំងពីរបានប៉ះទង្គិចគ្នា។ លោក Chapron បានផ្តល់ពិន័យកាតក្រហមទៅលើកីឡាកររូបនេះ នៅមុនពេលចេញការសុំអភ័យទោសនៅថ្ងៃបន្ទាប់ ដោយនិយាយថា Carlos បានរត់បុករូបលោក ប៉ុន្តែ ក៏ទទួលស្គាល់ផងដែរថា សកម្មភាពរបស់លោកគឺជា «ទង្វើល្ងង់ខ្លៅ និងមិនសមរម្យ»។

សហព័ន្ធកីឡាបាល់ទាត់បារាំងហៅកាត់ថា FFF បានដាក់ពិន័យព្យួរលើលោក Chapron រហូតដល់មានការបញ្ជាក់បន្ថែមទៀត ហើយក្រុមប្រឹក្សាវិន័យរបស់ក្របខ័ណ្ឌលីកនេះ បានជួបប្រជុំគ្នាក្នុងទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោក Chapron ក៏បានចូលរួមក្នុងដំណើរការផ្នែកច្បាប់រយៈពេល ២ម៉ោងជាមួយនឹងមេធាវីរបស់លោក ផងដែរ។

លោក Samuel Chevret ដែលជាមេធាវីរបស់លោក Chapron បានឲ្យដឹងថា៖ «កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសត្រជាក់ ដែលផ្ទុយពីបណ្តាញសារព័ត៌មានកំពុងតែចេញផ្សាយ»។ លោក Chapron បានសុំទោស និងបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កីឡាករ Diego Carlos បានរត់បុកខ្ញុំ។ ក្នុងពេលប៉ះទង្គិចនោះ ខ្ញុំមានអារម្មណ៍ឈឺនៅកន្លែងដែលទើបតែមានបញ្ហារបួសកាលពីពេលថ្មីៗនេះ។ ប្រតិកម្មរបស់ខ្ញុំគឺការលើកជើងរបស់ខ្ញុំទៅកាន់កីឡាកររូបនោះតែម្តង»៕

ប្រភព៖ Channel News Asia