ខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតពីរនាក់ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ នឹងត្រូវជួបគ្នានៅថ្ងៃអាទិត្យនេះ ខណៈដែល Liverpool ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Tottenham Hotspur ក្នុងការប្រកួតមួយដែលអាចនឹងក្លាយជាកាត់សេចក្តីក្នុងការប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីបញ្ចប់ស្ថិតក្នុងចំណាត់ថ្នាក់កំពូលតារាងទាំង៤។

ស្របពេលដែលមានគម្លាតគ្នាត្រឹមតែ ៥ពិន្ទុប៉ុណ្ណោះរវាងក្រុម Manchester United ក្នុងចំណាត់ថ្នាក់លេខ២ និងក្រុម Spurs របស់លោក Mauricio Pochettino ក្នុងចំណាត់ថ្នាក់លេខ៥ ការប្រជែងដណ្តើមយកសិទ្ធិទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League កម្រមានភាពស្វិតស្វាញបែបនេះណាស់។ ការដណ្តើមបានជ័យជម្នះសម្រាប់ក្រុមឈរលេខ៣ Liverpool នាកីឡដ្ឋាន Anfield នឹងនាំឲ្យពួកគេនាំមុខ៥ពិន្ទុដាច់លើក្រុម Tottenham ដែលជាការនាំមុខក៏កក់ក្តៅមួយសម្រាប់ក្រុមរបស់លោក Juergen Klopp ដែលបានរងបរាជ័យត្រឹមតែ ១លើកគត់ ក្នុងការប្រកួតលីកចំនួន ១៦លើក។

ប៉ុន្តែទោះបីជាយ៉ាងណា ការដណ្តើមបានជ័យជម្នះសម្រាប់ក្រុមភ្ញៀវ នឹងធ្វើឲ្យពួកគេឡើងទៅឈរក្នុងចំណាត់ថ្នាក់ដែលត្រូវឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ពោលគឺឡើងឈរពីលើគូប្រជែងរបស់ពួកគេ។ បើទោះបីមិនមានអ្នកចាត់ការទូទៅរូបគេខ្វលខ្វាយពីកីឡាកររូបណារបស់ពួកគេជាអ្នករកគ្រាប់បាល់ឈ្នះនៅថ្ងៃអាទិត្យនេះក៏ដោយ ប៉ុន្តែ ការត្រៀមលក្ខណៈផ្សេងៗអាចនឹងផ្តោតទៅលើកីឡាករពីរនាក់ដែលកំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងមុតស្រួចនៅរដូវកាលនេះ។

ខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool និង Harry Kane របស់ក្រុម Tottenham បានរួមគ្នារកបាន ៤០គ្រាប់នៅរដូវកាលនេះ ខណៈដែលខ្សែប្រយុទ្ធរបស់ Spurs រកបាន ២១គ្រាប់ ដើម្បីនាំមុខក្នុងការប្រជែងដណ្តើមយកស្បែកជើងមាស តាមរយៈគ្រាប់បាល់២គ្រាប់ លើខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបរបស់ Liverpool។ កីឡាករទាំងពីរសុទ្ធសឹងរកបានគ្រាប់បាល់ដូចគ្នានៅពេលដែលក្រុមទាំងពីរបានជួបគ្នានៅកីឡដ្ឋាន Wembley កាលពីខែតុលា ដែលនៅពេលនោះ Spurs បានឈ្នះ ៤-១ ប៉ុន្តែ ចាប់តាំងពីពេលនោះមក Liverpool បានបង្កើតកំណត់ត្រានៃការមិនស្គាល់ចាញ់សោះរហូតដល់ទៅ១៦ប្រកួត។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១១:៣០យប់៕

ប្រភព៖ Channel News Asia