Pierre-Emerick Aubameyang បានកំណត់គោលដៅរបស់គេទៅលើការធ្វើឲ្យបានល្អដូចខ្សែប្រយុទ្ធ Thierry Henry ខណៈដែលកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ Arsenal រូបគេត្រៀមធ្វើការបង្ហាញខ្លួនជាលើកទី១ របស់គេនៅពេលប្រកួតជាមួយនឹងក្រុម Everton នៅថ្ងៃសៅរ៍នេះ។

Aubameyang បានចូលរួមជាមួយនឹងក្លិប Arsenal ពីក្លិប Borussia Dortmund ក្នុងតម្លៃខ្លួន ៥៦លានផោន (ស្មើនឹង៧៩លានដុល្លារអាមេរិក) កាលពីថ្ងៃពុធ និងកំពុងតែត្រៀមធ្វើការបង្ហាញខ្លួនជាលើកទី១របស់គេនាកីឡដ្ឋាន Emirates នៅចុងសប្តាហ៍នេះ។ ក្រុមកាំភ្លើងធំមួយនេះ បានរងនូវការច្រានចោលនូវសំណើដេញថ្លៃរបស់ខ្លួនសម្រាប់ Aubameyang ២លើក ដោយក្លិប Dortmund នៅមុនពេលយល់ទៅលើតម្លៃខ្លួនដែលបានបំបែកកំណត់ត្រានៃតម្លៃ៤៦លានផោន ដែលពួកគេបានចំណាយទិញខ្សែប្រយុទ្ធអន្តរជាតិបារាំង Alexandre Lacazette កាលពីខែកក្កដា។

លោក Arsene Wenger គ្រូបង្វឹករបស់ក្រុម Arsenal សង្ឃឹមថា ការចូលរួមរបស់ Aubameyang នឹងជួយសោះស្រាយបញ្ហានៃការបាត់បង់ Alexis Sanchez ទៅកាន់ក្លិប Manchester United ហើយខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះ ប្តេជ្ញាចិត្តថា នឹងបង្កើតឲ្យមានការចាប់អារម្មណ៍ភ្លាមៗក្នុងក្របខ័ណ្ឌ Premier League។

ល្បឿនរបស់តារាឆ្នើមវ័យ២៨ឆ្នាំរូបនេះ និងការសម្រេចផលដ៏ល្អរបស់គេ ពិតជាបានផ្តល់ការលំបាកដល់ខ្សែការពារក្នុងក្របខ័ណ្ឌ Bundesliga ខណៈដែលរូបគេបានស៊ុតបាល់បញ្ចូលទីដល់ទៅ១៤១គ្រាប់ ក្នុងការបង្ហាញខ្លួន២១៣លើក សម្រាប់ក្រុម Dortmund ក្នុងនោះរាប់បញ្ចូលទាំងការរកបាន២១គ្រាប់ ក្នុងការប្រកួត២៤លើកនៅរដូវកាលនេះផងដែរ។ ការមានល្បឿនដ៏អស្ចារ្យរបស់គេ អាចនឹងក្លាយជាកត្តាដ៏សំខាន់សម្រាប់ក្រុម Arsenal ដែលខ្វះល្បឿនក្នុងតំបន់ប្រយុទ្ធ ក្រោយពី Theo Walcott បានផ្ទេរទៅកាន់ក្លិប Everton។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១២:៣០យប់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport