គ្រូបង្វឹករបស់ក្រុមបឹងកេត លោក កែវ សុកល បាននិយាយថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ វគ្គជម្រុះ Play off Stage នៃពានរង្វាន់ AFC Cup 2018 ជាមួយក្រុម Lao Toyota FC នៅកីឡដ្ឋានជាតិ KM16 របស់ឡាវ ក្នុងទីក្រុងវៀងចន្ទន៍ នាល្ងាចម៉ោង ៦:០០ថ្ងៃសុក្រនេះ។

សម្រាប់ការប្រកួត លោក កែវ កុសល ធ្លាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកនឹងធ្វើការកែតម្រូវ ទៅលើតំបន់ការពារកណ្តាល ដើម្បីរារាំងខ្សែប្រយុទ្ធជនជប៉ុន Kazuo Homma ដែលរកបាន ២គ្រាប់តែម្នាក់ឯង នៅពេលក្រុមបឹងកេត បានស្មើ ៣-៣ ជាមួយក្រុម Lao Toyota ក្នុងការប្រកួតជើងទី១ នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃចន្ទ កន្លងមកនេះ។

បន្ថែមលើនេះ លោក កែវ កុសស គ្រោងនឹងប្រើប្រាស់ខ្សែប្រយុទ្ធមានមាធធំពាក់លេខ២៧ Julius Oiboh ដើម្បីបើកផ្លូវក្នុងការរកបានគ្រាប់បាល់។ លោកបាននិយាយថា៖ «ខ្ញុំសង្កេតឃើញថា នៅពេលដែលយើងព្យាយាមប្រយុទ្ធ ដោយយើងបោះបាល់ទៅឲ្យកីឡាករ Julius គឺយើងទទួលបានផល អ៊ីចឹងនៅពេលលេងនៅលើទឹកដីឡាវ យើងត្រូវប្រើយុទ្ធសាស្រ្តប្រយុទ្ធច្រើនជាងការពារ គឺយើងត្រូវព្យាយាមវាយបាល់ផ្លោងឲ្យចំ Julius និងមានអ្នកគាំទ្រពីខាងក្រោយ ដើម្បីទាមទាររកគ្រាប់បាល់»។

ជុំវិញគម្រោងនៃការប្រើប្រាស់ Julius Oiboh និងការពង្រឹងទៅលើតំបន់ការពារកណ្តាល ដើម្បីបង្អាក់ភាពមុតស្រួចរបស់ខ្សែប្រយុទ្ធពាក់លេខ១៨ Kazuo Homma នេះ ត្រូវបានលោក កែវ កុសល បានបញ្ជាក់ជាថ្មី ក្នុងសន្និសីទកាសែត នៅទីក្រុងវៀងចន្ទន៍ កាលពីម្សិលមិញថា៖ «យើងបានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការប្រកួតនេះ»។

ចំណែកខ្សែប្រយុទ្ធ Maycon ដែលរកបាន ២គ្រាប់តែម្នាក់ឯង ក្នុងពេលប្រកួតជើងទី១ នៅតែគិតថា ការប្រកួតជើងទី២នេះ នឹងមានការលំបាកខ្លាំង ប៉ុន្តែកីឡាករមកពីប្រេស៊ីលរូបនេះ នៅតែសង្ឃឹមទទួលបានលទ្ធផលវិជ្ជមាន។ Maycon បាននិយាយថា៖ «វាអាចនឹងមានការលំបាកច្រើន ដោយសារតែការប្រកួតជើងទី១ យើងបណ្តោយឲ្យខាងគេតាមស្មើយើង ៣-៣ ដែលធ្វើឲ្យយើងមានសម្ពាធខ្លាំង សម្រាប់ការប្រកួតនេះ ប៉ុន្តែយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ហើយតាមការរំពឹងទុក ខ្ញុំគិតថា យើងអាចនឹងទទួលបានលទ្ធផលល្អ ក្នុងការប្រកួតលើកនេះ»។

បើទោះបីជាមានការអះអាងយ៉ាងនេះក្តី ប៉ុន្តែលោក Jun Fukuda គ្រូបង្វឹកថ្មីរបស់ក្រុម Lao Toyota ក៏បានផ្តល់ការជឿជាក់ខ្លាំង លើកូនក្រុមរបស់លោកផងដែរ ខណៈការទទួលបានលទ្ធផលស្មើគ្នា ៣-៣ ក្នុងជើងទី១ លោកបានប្រាប់ថា មកពីកីឡាកររបស់គាត់ធ្វើមិនបានសម្រេច ជាមួយការបង្កើតឱកាសមាស បានច្រើនជាងក្រុមបឹងកេត។

បន្ថែមលើនេះ សម្រាប់ការប្រកួតជើងទី២នេះ ក្រុមទាំង២ នឹងត្រូវប្រកួតគ្នា ក្រោមសីតុណ្ណភាពត្រជាក់ ដែលធ្លាក់ចុះដល់១៦អស្សារហើយ ចំណែកអ្នកទស្សនា អាចចូលរួមមើលដោយសេរី ព្រោះការប្រកួតនេះ គ្មានការលក់សំបុត្រ នោះទេ ខណៈក្រុមឈ្នះ នឹងទទួលបានឱកាសទៅប្រកួតនៅវគ្គ Group Stage៕