ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​របស់​អង់គ្លេស​ ឬ​ Premier League កំពុង​ពិចារណា​ឲ្យ​មាន​វិស្សមកាល​រយៈ​ពេល​ខ្លី​នៅ​អំឡុង​ខែ​រងា​​ដូច​បណ្ដា​លីគ​ធំៗ​ដទៃ​ទៀត​នៅ​អឺរ៉ុប។

ដក​តែ​លីគ​អង់គ្លេស​ចេញ​ លីគ​ធំៗ​ទាំង​៤​ដូច​ជា​ Bundesliga របស់​អាល្លឺម៉ង់, Ligue 1 របស់​បារាំង, La Liga របស់​អេស្ប៉ាញ និង​ Serie A របស់​អ៊ីតាលី​ សុទ្ធ​តែ​សម្រាក​ពេល​ខែ​រងា​ទាំង​អស់​ ដោយ​សារ​ព្រិល​ធ្លាក់​ខ្លាំង​ និង​ ដើម្បី​​អនុញ្ញាត​ឲ្យ​កីឡាករ​ និង​អ្នក​គាំទ្រ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ណូអែល​។​

ចំពោះ​អង់គ្លេស​ដែល​មាន​កាល​វិភាព​ប្រកួត​ដ៏​មមាញឹក​នោះ​ក៏​កំពុង​ចង់​ឲ្យ​មាន​ការ​សម្រាក​ដូច​គេឯង​ដែរ​ ប៉ុន្តែ​ត្រូវ​ប្រមុខ​ក្របខ័ណ្ឌ​ Premier League អះអាង​ថា​វា​មិន​ទាន់​អាច​ទៅ​រួច​ព្រោះ​ក្របខ័ណ្ឌ​នេះ​នៅ​ជាប់​ជំពាក់​ជាមួយ​កិច្ច​សន្យា​ទិញ​សិទ្ធ​ផ្សាយ​ផ្ទាល់​ជាមួយ​បណ្ដា​ទូរទស្សន៍​ដែល​នៅ​មាន​សុពលភាព​ដល់​ឆ្នាំ​២០១៩។

យ៉ាង​ណា​ FA ជា​ក្បាល​ម៉ាស៊ីន​បាល់ទាត់​អង់គ្លេស​សន្យា​ថា​នឹង​ពិចារណា​ឲ្យ​មាន​វិស្សមកាល​រដូវ​រងា​សម្រាប់​កិច្ច​សន្យា​ថ្មី​ជាមួយ​ទូរទស្សន៍​ពី​ឆ្នាំ​២០១៩ ដល់​២០២២។ កិច្ច​សន្យា​ថ្មី​នោះ​នឹង​មាន​តម្លៃ​លើស​ពី​ ៥,១៤​ពាន់​លាន​ដុល្លារ៕


ប្រភព៖ BBC ប្រែសម្រួល៖ វីរ័ត្ន​
Via :news.sabay