សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA និងរដ្ឋាភិបាលអេស្ប៉ាញ បានទទួលស្គាល់កាលពីថ្ងៃចន្ទ «ពីភាពចាំបាច់ក្នុងការជម្រះស្ថានភាពផ្សេងៗឲ្យបានឆាប់» តាមដែលអាច ទាក់ទងនឹងសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសនេះ (RFEF) ដើម្បីគេចឲ្យផុតពីការជាប់ពិន័យមិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍ World Cup។

អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ បានធ្វើការព្រមានដល់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ កាលពីខែធ្នូថា ពួកគេអាចនឹងរងការព្យួរពីយុទ្ធនាការ World Cup នៅប្រទេសរុស្ស៊ី ឆ្នាំ២០១៨ ដោយសារតែការចូលអន្តរាគមន៍របស់រដ្ឋាភិបាលអេស្ប៉ាញ។ បញ្ហានេះ បានផ្ទុះឡើងកាន់តែខ្លាំង ក្រោយពីលោក Angel Maria Villar ប្រធាន RFEF ត្រូវបានបង្ខំឲ្យលាលែងពីតំណែងកាលពីឆ្នាំមុន ក្រោយពីបានដឹកនាំក្នុងតួនាទីនេះចាប់តាំងពីឆ្នាំ១៩៩៨ បន្ទាប់ពីការឃាត់ខ្លួនរបស់លោកក្នុងផ្នែកនៃការស៊ើបអង្កេតលើបញ្ហាពុករលួយ។

លោកត្រូវបានគេឃុំខ្លួនកាលពីខែកក្កដា ក្រោមការចោទប្រកាន់ពីបទឃុបឃិត បន្លំ និងកែប្រែឯកសារផ្សេងៗ និងបានចំណាយពេល២សប្តាហ៍ក្នុងមន្ទីរឃុំឃាំង នៅមុនពេលត្រូវបានដោះលែងដោយការបង់ប្រាក់ធានាខ្លួន។ ទោះបីជាយ៉ាងណា ក្រុមប្រឹក្សាកីឡារបស់អេស្ប៉ាញ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានធ្វើឲ្យ FIFA ចាប់អារម្មណ៍ទៅលើការលូកដៃផ្នែកនយោបាយ។ កាលពីថ្ងៃចន្ទ លោក Fatma Samoura អគ្គលេខាធិការរបស់ FIFA បានជួបជាមួយនឹងរដ្ឋមន្ត្រីកីឡារបស់អេស្ប៉ាញលោក Mendez de Vigo ក្នុងទីក្រុងម៉ាឌ្រីដ រួមជាមួយនឹងលោក Jose Ramon Lete ប្រធានក្រុមប្រឹក្សាកីឡារបស់អេស្ប៉ាញ និងលោក Juan Luis Larrea ប្រធានបណ្តោះអាសន្នរបស់ RFEF៕

ប្រភព៖ Worldsoccertalk
Via :Cambosport