(ភ្នំពេញ)៖ បន្ទាប់ពីចុះកិច្ចសន្យាជាមួយកីឡាករមានបទពិសោធន៍ និងល្បីៗចំនួន ៩នាក់រួចមក ពេលនេះក្រុមទើបឡើងមកពីលីគលំដាប់ទី២ វិសាខា បានងាកមកចាប់អារម្មណ៍ និងចុះកិច្ចសន្យាជាមួយកីឡាករ ទើបឡើងជើងពីក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមថ្នាលភ្នំពេញក្រោនចំនួន ២បន្ថែមទៀតហើយ គឺកីឡាករ សាន គីមហេង និងកីឡាករ រឿន ដាវីត។

ពួកគេគឺជាកីឡាករទី១០ និងទី១១ ដែលក្រុមចំណូលថ្មីវិសាខា បាននាំយកមកពង្រឹងក្រុមបន្ថែម ដើម្បីត្រៀមរដូវកាលថ្មី បន្ទាប់ពីរាមច្បងមួយចំនូន ដូចជាកីឡាករ កែវ សុខសិលា មកពីភ្នំពេញក្រោន, រស់ សំអឿន មកពីបឹងកេត, ង៉យ ស្រ៊ីន មកពីណាហ្គាវើល, ពៅ ភារិទ្ធ មកពីអង្គរថាយហ្គឺរ និងកីឡាករកូរ៉េខាងជើង ៥នាក់ រួមមានកីឡាករ Choe Myong Ho, Jang Song Hyok, Ri Hyok Chol, Kim Kyong Hun និងកីឡាករ Pak Song Chol ក្នុងនោះមាន ៤នាក់ជាអតីតសមាជិកក្រុមក្រសួងការពារជាតិ ។

ក្រឡេកមកចាប់អារម្មណ៍សមាជិកថ្មីរបស់វិសាខាវិញ ពួកគេសុទ្ធតែជាកីឡាករកីឡាករវ័យក្មេងដ៏មានសក្ដានុពល ក្នុងនោះ សាន គីមហេង គឺមានបទពិសោធន៍ជោគជាំជាមួយក្រុមសាលាបាល់ទាត់ជាតិបាទី និងក្រុមជម្រើសជាតិ U18 ។ ចំណែកកីឡាករ រឿន ដាវីត ក៏ស្រដៀងគ្នាផងដែរ ដោយសារគេបានហ្វឹកហាត់ និងបណ្ដុះចេញពីថ្នាលយុវជនភ្នំពេញក្រោន ដែលកន្លែងសប្បូរដោយធនធានកីឡាករល្អៗជាច្រើន ។ ចំពោះការចូលរួមជាមួយក្រុមវិសាខា គេរំពឹងថា កីឡាករទាំងពីរ នឹងអាចកសាងសមត្ថភាព និងកេរ្ដិ៍ឈ្មោះឲ្យកាន់តែល្បីល្បាញក្នុងវិស័យបាល់ទាត់កម្ពុជានាពេលអនាគត៕


Via :khmertalking