(ភ្នំពេញ)៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ លោក Gianni Infantino នឹងធ្វើដំណើរមកប្រជុំនៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជាស្អែកនេះ ដោយមានបណ្តាប្រទេសចំនួន ២០ចូលរួមពិភាក្សាពីការវិវឌ្ឍន៍ និងដំណើរការប្រកួតកីឡា បាល់ទាត់នានា។

អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) លោក ខៀវ សាម៉េត បានថ្លែងប្រាប់សារព័ត៌មាន Khmer Talking នៅមុននេះបន្តិចថា នេះជាលើកទី១ និងកិត្តិយសផងដែរដែលបានប្រមុខដឹកនាំកីឡាដ៏មានប្រជាប្រិយភាពមកកម្ពុជា ស្របពេលកីឡាបាល់ទាត់នៅកម្ពុជាកំពុងមានការរីកចម្រើនផងនោះ។

លោក ខៀវ សាម៉េត បានបញ្ជាក់ថា «ប្រធាន FIFA លោក Infantino នឹងមកដល់កម្ពុជានៅម៉ោងប្រមាណ ៥ល្ងាចថ្ងៃ ព្រហស្បតិ៍ ទី០៨ ខែកុម្ភៈស្អែកនេះ មុនកិច្ចប្រជុំនឹងធ្វើឡើងរយៈពេល ១ថ្ងៃពេញនៅសណ្ឋាគារ សូហ្វីតែល ដោយមាន ២០សហព័ន្ធមកពីទាំង៥ទ្វីបដែលជាសហជិករបស់ FIFA»។

សូមបញ្ជាក់ផងដែរថា បុរសទើបតែ ៤៧ឆ្នាំ Gianni Infantino ត្រូវបានបោះឆ្នោតជាប់ប្រធាន FIFA ថ្មីជំនួសកៅអីលោក Sepp Blatter កាលពីដើមឆ្នាំ២០១៦។ អ្វីដែលពិសេសទៀតនោះ បុរសជនជាតិស្វីសរូបនេះអាចនិយាយបាន ៥ភាសាយ៉ាងស្ទាត់ជំនាញថែមទៀតផង៕


Via :khmertalking