ក្រុងឡុងដ៍: Swansea បានកត់ត្រាជ័យជម្នះដ៏ធំបំផុតក្នុងការប្រកួតពាន FA Cup ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ខណៈដែលកីឡាករ Tammy Abraham និង Nathan Dyer បានជួយឲ្យពួកគេដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៨-១ លើក្រុម Notts County ក្នុងការប្រកួតជុំទី៤ កាលពីថ្ងៃអង្គារ។
បើទោះបីប្រើប្រាស់ក្រុមដែលមានការផ្លាស់ប្តូរច្រើនក៏ដោយ ប៉ុន្តែ Swansea បានគ្រប់គ្រងអារម្មណ៍របស់ពួកគេយ៉ាងល្អ តាមរយៈការរកគ្រាប់បាល់បញ្ចូលទីត្រឹមតែចន្លោះពេល២នាទី ក្នុងតង់ទី១ នាកីឡដ្ឋាន Liberty។
ការដណ្តើមបានជ័យជម្នះដ៏ធំរបស់ក្រុម Swansea មានន័យថា បច្ចុប្បន្នលោកគ្រូបង្វឹក Carlos Carvalhal អាចសម្លឹងឆ្ពោះទៅកាន់ការប្រកួតជុំទី៥នៅលើទឹកដីក្រុម Sheffield Wednesday ដែលទើបតែបានបណ្តេញលោកចេញពីតំណែងកាលពីដើមរដូវកាលនេះ។
ស្របពេលជាមួយគ្នានេះ ក្រុម Huddersfield ដែលលេងក្នុងក្របខ័ណ្ឌ Premier League នឹងធ្វើដំណើរទៅជួបក្រុម Manchester United ក្នុងការប្រកួតជុំទី៥ ក្រោយពីបានកត់ត្រាជ័យជម្នះ ៤-១ នៅលើទឹកដីក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២ Birmingham បន្ទាប់ពីនាទីបន្ថែម១៥នាទី២ដង៕ IS
Via :postkhmer