ខ្សែការពារអន្តរជាតិកូឡុំប៊ី Yerry Mina នឹងត្រូវធ្វើការបង្ហាញខ្លួនឲ្យក្រុម Barcelona ជាលើកទី១របស់គេ ក្នុងការប្រកួតជើងទី២នៃពាន Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើទឹកដីក្រុម Valencia ស្របពេលដែលខ្សែការពារ Gerard Pique កំពុងតែស្ថិតក្នុងភាពមិនច្បាស់ដោយសារតែបញ្ហារបួស។

ស្របពេលដែលក្រុមរបស់លោក សម្លឹងរកការដណ្តើមឲ្យបានកៅអីមួយទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្រោយពីបានកត់ត្រាជ័យជម្នះ ១-០ កាលពីជើងទី១ លោក coach Ernesto Valverde គ្រូបង្វឹករបស់ Barcelona បានឲ្យដឹងថា៖ «Mina ត្រូវបានជ្រើសរើសចូលក្នុងក្រុមនេះ ហើយនោះមានន័យថា រូបគេត្រៀមលក្ខណៈរួចរាល់ហើយ»។ គ្រូបង្វឹករូបនេះបានប្រាប់បន្ថែមទៀតថា៖ «អ្វីៗទាំងអស់អាស្រ័យទៅលើអ្វីដែលកើតឡើង និងការសម្រេចចិត្តរបស់គ្រូបង្វឹក ប៉ុន្តែ រូបគេអាចចូលលេងបាន។ ខ្ញុំដឹងពីសមត្ថភាពរបស់ Mina ក្រោយពីបានឃើញការលេងរបស់គេតាមរយៈវីដេអូ ប៉ុន្តែ មិនមែនស្ថិតក្នុងការប្រកួតរបស់យើងឡើយ។ យើងគិតថា រូបគេអាចជួយដល់យើង និងចង់ឲ្យរូបគេក្លាយជាកីឡាករដ៏សំខាន់ម្នាក់»។

Mina វ័យ២៣ឆ្នាំ បានចូលរួមជាមួយនឹងក្លិប Barca ពីក្លិប Palmeiras របស់ប្រេស៊ីល Palmeiras កាលពីខែមុន ក្នុងតម្លៃខ្លួន១១,៨លានអឺរ៉ូ (ស្មើនឹង១៤លានដុល្លារអាមេរិក) ប៉ុន្តែ ខ្សែការពារកណ្តាលរូបនេះ មិនទាន់បានបង្ហាញខ្លួនឲ្យក្លិបថ្មីរបស់គេនៅឡើយទេ។ Pique បានជួយឲ្យក្រុមខ្លួនរកបាន១ពិន្ទុក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីថ្ងៃអាទិត្យ នៅលើទឹកដីក្រុម Espanyol ប៉ុន្តែ តារាឆ្នើមអេស្ប៉ាញរូបនេះ ជួបបញ្ហារបួសជង្គង់៕

ប្រភព៖ Channel News Asia
Via :cambosport