លោក Antonio Conte នឹងមិនរងនូវការបណ្តេញចេញក្នុងនាមជាអ្នកចាត់ការទៅទៅរបស់ក្លិប Chelsea នៅពេលនេះឡើយ ក្រោយពីត្រូវបានអនុញ្ញាតឲ្យបន្តនៅដោយលោក Roman Abramovich។

នេះបើយោងទៅតាមប្រភពព័ត៌មាននានាកាលពីថ្ងៃអង្គារ។ អនាគតរបស់លោក Conte ជាមួយនឹងក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ដែលធ្លាក់ទម្រង់លេងមួយនេះ បានធ្លាក់ចូលក្នុងភាពស្រពេចស្រពិល កាលពីថ្ងៃចន្ទ ក្រោយពីការរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ៤-១ នៅពេលប្រកួតជាមួយនឹងក្រុម Watford។

ក្រុមឈរលេខ៤ Chelsea កំពុងតែដេញតាមពីក្រោយក្រុមកំពុងនាំមុខ Manchester City ដល់ទៅ១៩ពិន្ទុ ក្រោយពីបានជួបយុទ្ធនាការដ៏ជ្រួលច្របល់មួយ ដែលត្រូវបានរំខានដោយភាពមិនចុះសម្រុងនឹងគ្នារបស់លោក Conte ជាមួយនឹងថ្នាក់ដឹកនាំរបស់ក្លិបជុំវិញគោលនយោបាយដោះដូរកីឡាកររបស់ពួកគេ។

លោក Abramovich ម្ចាស់កម្មសិទ្ធិក្លិប Chelsea មិនធ្លាប់មានការស្ទាក់ស្ទើរក្នុងការបណ្តេញចេញឡើយ នៅពេលដែលអ្នកចាត់ការទូទៅរបស់ខ្លួន ដឹកនាំក្រុមមិនបានល្អ ហើយវាត្រូវបានគេលើកឡើងថា ការរងបរាជ័យដ៏អាម៉ាសនៅកីឡដ្ឋាន Vicarage Road ដែលបានកើតឡើង បន្ទាប់ពីការចាញ់ក្នុងផ្ទះខ្លួនឯងក្រោមស្នាដៃក្រុម Bournemouth អាចនឹងធ្វើឲ្យលោក Conte ត្រូវចាកចេញ។ ប៉ុន្តែ បណ្តាញសារព័ត៌មានជាច្រើននៅចក្រភពអង់គ្លេស បានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយអះអាងថា អតីតគ្រូបង្វឹករបស់ក្លិប Juventus និងក្រុមជម្រើសជាតិអ៊ីតាលីរូបនេះ បច្ចុប្បន្នត្រូវបានរំពឹងទុកថា នឹងបន្តកាន់តំណែង សម្រាប់ការប្រកួតនៅថ្ងៃចន្ទខាងមុខនេះ ជាមួយនឹងក្រុម West Bromwich Albion៕

ប្រភព៖ News Straits Times
Via :cambosport