ទីបំផុត ក្រុម Tottenham Hotspur បានទម្លាក់ក្រុម Newport County ឲ្យធ្លាក់ចេញពីពាន FA Cup ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជុំទី៤ ជើងទី២ នាកីឡដ្ឋាន Wembley កាលពីថ្ងៃពុធ។

Spurs ដែលជាម្ចាស់ជើងឯក FA Cup ៨សម័យកាល នៅសល់ត្រឹមតែ៨នាទីទៀតប៉ុណ្ណោះក្នុងការជួបការធ្លាក់ចេញដ៏អាម៉ាសមួយ មុនពេលខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Harry Kane បានរកគ្រាប់បាល់បញ្ចូលទីដើម្បីជួយឲ្យក្រុមខ្លួនតាមស្មើក្នុងលទ្ធផល ១-១ នៅលើទឹកដីក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៤ Newport កាលពីខែមុន។

ប៉ុន្តែ វាមាននូវរឿងរ៉ាវខុសគ្នាស្រឡះនៅកីឡដ្ឋាន Wembley ខណៈដែលតារាឆ្នើម Moussa Sissoko បានជួយឲ្យក្រុម Tottenham មានគ្រាប់បាល់នាំមុខ តាមរយៈការបង្ខំឲ្យខ្សែការពារ Dan Butler ទាត់បាល់ចូលទីខ្លួនឯង នៅនាទី ទី២៦ មុននឹងខ្សែប្រយុទ្ធ Erik Lamela បានស៊ុតបាល់បញ្ចូលទី១គ្រាប់ទៀតក្នុងរយៈពេល៨នាទីក្រោយមក ដើម្បីជួយឲ្យក្រុម Spurs នាំមុខ ២-០ នៅមុនពេលបញ្ចប់តង់ទី១។

បច្ចុប្បន្ន ក្រុម Tottenham នឹងត្រូវធ្វើដំណើរទៅកាន់ក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៣ Rochdale សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នៅចុងសប្តាហ៍នាថ្ងៃទី១៧ ទី១៨ ខែកុម្ភៈ ខាងមុខនេះ។ លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានប្រាប់ទូរទស្សន៍ BBC ថា៖ «វាជាពាន FA Cup ហើយវាពិតជាលំបាក។ ប៉ុន្តែ ខ្ញុំពិតជារីករាយណាស់ ពីព្រោះយើងចង់ឈានទៅប្រកួតនៅជុំបន្ទាប់»៕