ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ឯកឧត្ដម​ ហង់​ ជួនណារ៉ុន​ លើក​ទី១ ​បង្កើត​ម្សិលមិញ​ក្នុង​គោល​បំណង​ដើម្បី​សុខភាព​ សាមគ្គីភាព​ និង​បង្កើន​ការ​ទំនាក់ទំនង​រវាង​អគ្គនាយកដ្ឋាន​មួយៗ​ដែល​រវល់​មិន​សូវ​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​កន្លងមក។​

ឯកឧត្ដម​ ហង់​ ជូនណារ៉ុង​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ពាន​រង្វាន់​មួយ​នេះ​ នឹង​ជួយ​បណ្ដុះ​គំនិត​ឲ្យ​មន្ត្រី​ក្រសួង​អប់រំ​គ្រប់​ជាន់​ថ្នាក់ ​ស្រឡាញ់​កីឡា​ ស្រឡាញ់​សុខភាព​ និង​ចេះ​ថែរក្សា​សុខភាព​ ហើយ​នៅ​ពេល​បាន​ចូល​លេង​ដូច​នេះ​ សុខភាព​ក៏​ល្អ​ប្រសើរ​ទៅ​តាម​ផង​ដែរ។​ ក្រៅ​ពី​សុខភាព​ក៏​ជា​ការ​ទំនាក់ទំនង​ឲ្យ​បាន​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ការ​លេង​បាល់​ក្នុង​ពាន​រង្វាន់​មួយ​នេះទៀត​ផង។​

ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នេះ​ ក៏​ជា​ការ​ស្វែងរក​កីឡាករ​ឆ្នើម​ៗ​ ដើម្បី​ឈាន​ទៅ​បង្កើត​ក្រុម​បាល់ទាត់​មួយ​ ប្រកួត​តំណាង​ឲ្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្នុង​ពាន​រង្វាន់​អន្តរក្រសួង​នៅ​ពេល​ខាង​មុខ​ទៀត​ផង។​

សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ ហង់​ ជួនណារ៉ុន​ លើកទី១​នេះ​ មាន​ក្រុម​ចំនួន​៧​ មក​ពី​អគ្គនាយកដ្ឋាន​ និង​នាយដ្ឋាន​នានាៗ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ ក្រុម​និមួយៗ​នឹង​ត្រូវ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​រហូត​គ្រប់​ក្រុម​ ហើយ​ក្រុម​ណា​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​គឺ​ឈ្នះ​ពាន​រង្វាន់​តែ​ម្ដង។​ ការ​ប្រកួត​នេះ​ធ្វើ​រយៈពេល​២ខែ​ គឺ​ចាប់​ពី​ថ្ងៃ​ទី៥​ កុម្ភៈ​ ដល់​ ទី៦​ មេសា​ ២០១៨​ នៅ​ទីលាន​បាល់ទាត់​វត្ត​កោះ​ ដោយ​ឡែក​ការ​ប្រកួត​បើក​ និង​បិទ​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​
Via :news.sabay