Dani Alves បាន​លេង​​តួ​នាទី​ជា​អ្នក​ចាំទី​ក្នុង​ការ​ប្រកួត​រវាង​ Paris Saint-Germain និង​ Sochaux កាល​ពី​ម្សិល​មិញ​បន្ទាប់​ពី​អ្នក​ចាំទី​ហ្ស៊ីន​ Kevin Trapp ត្រូវ​ពិន័យ​កាត​ក្រហម​​។​

យ៉ាង​ណា​រូប​គេ​មិនមែន​ជា​កីឡាករ​ដំបូង​ទេ​ដែល​ធ្វើ​ជា​អ្នក​ចាំ​ទី​នៅ​ពេល​ស្ថានការណ៍​ចាំ​បាច់​មក​ដល់​របៀប​នេះ ជាក់​ស្ដែង​មាន​ខ្សែ​ការពារ, ខ្សែ​បម្រើ​ និង​មាន​ដល់​ខ្សែ​ប្រយុទ្ធ​ច្រើន​ទៀត​ ដែល​ធ្លាប់​ទទួល​បទ​ពិសោធន៍​ពាក់​ស្រោម​ដៃ​ឈរ​យាម​ទី​។ យើង​ទៅ​មើល​ទាំង​អស់​គ្នា​ថា​តើ​មាន​នរណា​ខ្លះ៖​

១. ខ្សែ​ប្រយុទ្ធ​ Niall Quinn ចាំ​ទី​ឲ្យ​ Manchester City

Niall Quinn មាន​តួ​នាទី​លេង​ជា​ខ្សែ​ប្រយុទ្ធ​បាន​ចុះ​ទៅ​ចាំ​ទី​ឲ្យ​ Manchester City ក្នុង​ការ​ប្រកួត​ទល់​ Derby កាល​ពី​ឆ្នាំ​១៩៩១​ បន្ទាប់​ពី​អ្នក​ចាំទី​ពិត​ប្រាកដ​ Tony Coton ត្រូវ​ពិន័យ​កាត​ក្រហម។​ ក្នុង​ប្រកួត​នោះ​ Quinn បាន​ចាប់​បាល់​ប៉េណាល់ទី​ជាប់​ ហើយ​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ការ​ប្រកួត។

​២. ខ្សែ​ការពារ​ John Terry ចាំទី​ឲ្យ​ Chelsea

ខ្សែ​ការពារ​ John Terry បាន​លេង​ជា​អ្នក​ចាំ​ទី​ក្នុង​ការ​ប្រកួត​រវាង​ Chelsea និង​ Reading កាល​ពី​ឆ្នាំ​២០០៦​។ ​ប្រកួត​នោះ​ អ្នក​ចាំទី​ Petr Cech បាន​រង​របួស​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ​ក្រោយ​ប៉ះ​ជា​មួយ​ Stephen Hunt ធ្វើ​ឲ្យ​រូប​គេ​ត្រូវ​ពាក់​មួយ​ការពារ​ក្បាល​រហូត​ដល់​សព្វ​ថ្ងៃ។


៣. ខ្សែ​ការពារ​ Rio Ferdinand ចាំ​ទី​ឲ្យ​ Manchester United

Rio Ferdinand បាន​ពាក់​ស្រោម​ដៃ​ចាំ​ទី​ឲ្យ​ Manchester United ក្នុង​ការ​ប្រកួត​ទល់​នឹង Portsmouth កាល​ពី​ឆ្នាំ​២០០៨។ ការ​ប្រកួត​កាល​នោះ Edwin Van der Sar រង​របួស​​ត្រូវ​ប្ដូរ​ចេញ​ខណៈ​អ្នក​ចាំទី​ដៃ​ទី​ពីរ​ Thomas Kusczak បាន​​កាត​ក្រហម​​។

៤. ខ្សែ​បម្រើ​ Glenn Hoddle ចាំ​ទី​ឲ្យ​ Spurs

Glenn Hoddle បាន​លេង​ជា​អ្នក​ចាំ​ទី​ឲ្យ​ Tottenham Hotspur ក្នុង​ការ​ប្រកួត​ទល់​នឹង​ Man United កាល​ពី​ឆ្នាំ​១៩៨០​។ ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​ធ្លាប់​លេង​ជា​អ្នក​ចាំ​ទី​ពេល​មាន​អាសន្ន​ ៣​ដង​ក្នុង​អាជីព​របស់​ខ្លួន។

៥. ខ្សែ​ការពារ​ David Webb ចាំ​ឲ្យ​ Chelsea

David Webb បាន​លេង​ជា​អ្នក​ចាំ​ទី​ឲ្យ​ Chelsea ក្នុង​ការ​ប្រកួត​ទល់​នឹង​ Ipswich កាល​ពី​ឆ្នាំ​ ១៩៧១។ ​គ្រា​​នោះ​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ Peter Bonetti រង​របួស​នៅ​​ប្រកួត​កន្លង​ទៅ​ ហើយ​អ្នក​ចាំទី​ដៃ​ទី​ពីរ​ John Phillips ក៏​របួស​ដូច​គ្នា។ Chelsea បាន​កោះ​ហៅ​អ្នក​ចាំ​ទី​ដៃ​ទី​៣​ Steve Sherwood ប៉ុន្តែ​រូប​គេ​ស្ទះ​ចរាចរណ៍​ធ្វើ​ឲ្យ​ក្លឹប​បង្ខំ​ចិត្ត​ដាក់ Webb ឲ្យ​ចាំ​ពេញ​មួយ​ប្រកួត។


៦. ខ្សែ​ការពារ​ Cosmin Moti ចាំ​ឲ្យ​ Ludogorets

Cosmin Moti ធ្លាប់​លេង​ជា​អ្នក​ចាំ​ទី​ឲ្យ​ Ludogorets ក្នុង​​ប្រកួត​ទល់​​ Steaua Bucharest កាល​ពី​ឆ្នាំ​២០១៤​។ ជំនួប​កាល​នោះ​គឺ​លេង​ក្នុង​វគ្គ​ Play off កម្ម​វិធី​ដ៏​ធំ​នៅ Champions League។ អ្នក​ចាំទី​ដៃ​ទី​មួយ​ Stoyanov ត្រូវ​បណ្ដេញ​ចេញ​ ធ្វើ​ឲ្យ​ Moti​ លេង​ជា​អ្នក​ចាំ​ទី​ជំនួស។​ មិន​ខក​បំណង​ ខ្សែ​ការពារ​រូប​នេះ​ចាប់​​បាល់​ប៉េណាល់ទី​បាន​២​ដង​​ជួយ​ក្រុម​ឡើង​ទៅ​វគ្គ​ចែក​ពូល។

៧. ខ្សែ​ប្រយុទ្ធ​ Harry Kane ចាំ​ឲ្យ​ Tottenham

Harry Kane ធ្លាប់​លេង​ជា​អ្នក​ចាំ​ទី​ឲ្យ​ Tottenham ក្នុង​ការ​ប្រកួត​ទល់​ Asteras Tripoli កាល​ពី​ឆ្នាំ​២០១៤។ ​ពាន​ Europa League កាល​ណោះ​ Kane ស៊ុត​បាន​៣​គ្រាប់​ម្នាក់​ឯង​រួច​ក៏​ចុះ​មក​ចាំ​ទី​ ដោយ​សារ​ Hugo Lloris ត្រូវ​ពិន័យ​កាត​ក្រហម។ យ៉ាង​ណា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​បាន​ធ្វើ​ឲ្យ​របូត​បាល់​១​គ្រាប់​ជា​ការ​ទាត់​ Free Kick ស្រាល​ៗ​របស់​កីឡាករ​ក្រុម Asteras៕

ប្រភព៖ The Sun ប្រែសម្រួល៖ វីរ័ត្ន
Via :news.sabay