ខ្សែបម្រើប្រយុទ្ធ Philippe Coutinho បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីរកគ្រាប់បាល់បញ្ចូលទីជាលើកទី១ របស់គេសម្រាប់ក្រុម Barcelona ក្នុងពេលទទួលជ័យជម្នះ ២-០ នៅលើទឹកដីក្រុម Valencia កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមថ្មីរបស់គេបានឈានទៅវគ្គផ្តាច់ព្រ័ត្រ នៃយុទ្ធនាការពាន Copa del Rey យ៉ាងងាយ។

Coutinho បានរកគ្រាប់បាល់បើកឆាកនៅនាទី ទី៤៩ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នៅកីឡដ្ឋាន Mestalla ក្រោយពីបានចូលលេងនៅដើមតង់ទី២។ វាជាលើកទី១ហើយដែលតារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី ចាប់តាំងពីការផ្ទេររបស់គេក្នុងតម្លៃខ្លួន១៦០លានអឺរ៉ូ (ស្មើនឹង១៩២លានដុល្លារអាមេរិក) ពីក្លិប Liverpool កាលពីដើមខែមករា។ បន្ទាប់មកខ្សែបម្រើ Ivan Rakitic បានរកគ្រាប់បាល់ទី២ នៅរយៈពេល៨នាទីចុងក្រោយ ដើម្បីបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួនក្នុងលទ្ធផលទាំងពីរជើង ៣-០ ខណៈដែលក្រុម Barcelona បានកក់កៅអីក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងរដូវកាលទី៥ជាប់ៗគ្នា។

ក្នុងនាមជាក្រុមម្ចាស់ជើងឯកនៃយុទ្ធនាការនេះ៣ឆ្នាំចុងក្រោយជាប់ៗគ្នា ក្រុម Barcelona នឹងត្រូវជួបជាមួយនឹងក្រុម Sevilla ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវរៀបចំឡើងនៅចុងសប្តាហ៍ទី២១ និងទី២២ ខែមេសា។ ក្រុម Sevilla បានផ្តួលក្រុម Leganes ក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធ ដើម្បីឈ្នះទាំងពីរជើងក្នុងលទ្ធផល ៣-១។ Coutinho បានប្រាប់ស្ថានីយទូរទស្សន៍របស់អេស្ប៉ាញ Gol ថា៖ «សម្រាប់ខ្ញុំ វាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាលើកទី១របស់ខ្ញុំ ហេតុនេះ វាពិតជាពេលវេលាដ៏ពិសេសណាស់»៕

វិឌីអូហាយឡាយការប្រកួត៖

Valencia vs Barcelona

Sevilla vs Leganes

ប្រភព៖ Channel News Asia
Via :Cambosport