(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Ryad Mahrez មិនអាចជួយក្រុមកញ្ជ្រោងខៀវ Leicester City ជួបក្រុមម្ចាស់ ផ្ទះ Manchester City បានដដែលនារាត្រីថ្ងៃសៅរ៍ស្អែកនេះក្នុង Premier League ជើងទី២ ដោយសារតែមានបំណង ចង់ផ្លាស់ប្តូរទ្រនំថ្មីក្នុងខែមករានេះ។

លោក Claude Puel គ្រូបង្វឹកក្រុមជើងឯក Premier League ឆ្នាំ២០១៦ បានថ្លែងប្រាប់ BBC ថា កីឡាករអាល់ហ្សេរី វ័យ២៦ឆ្នាំ Mahrez នឹងបន្តអវត្តមានពីមិត្តរួមក្រុមដដែល ហើយក៏ជាការអវត្តមានពីក្លឹបលើកទី៥ ផងដែរ ដោយមិនទាន់បានចូលលេងប្រកួតណាមួយឡើយ ចាប់តាំងពីខែមករា ឆ្នាំថ្មីនេះ។

គ្រូបង្វឹកដែលទើបចូលដឹកនាំក្លឹប Liecester City កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ផងនោះបានបញ្ជាក់ថា «ក្លឹបនឹងបន្តអវត្ត មាន Mahrez ទៀត តែយើងនៅតែសង្ឃឹមយ៉ាងមុតមាំថាគាត់ផ្លាស់ប្តូរចិត្ត និងត្រឡប់មកហ្វឹកហាត់ជាមួយពួកយើងវិញនាពេលឆាប់ៗនេះ»។

កាលពីដើមខែមករា ឆ្នាំ២០១៨ នេះ Ryad Mahrez បានស្នើសុំចាកចេញពីក្លឹប ហើយគោលបំណងរបស់គេចង់ទៅ លេងឲ្យក្លឹប Manchester City ដែលកំពុងនាំមុខកំពូលតារាង Premier League រហូតដល់ទៅ ១៤ពិន្ទុគិតត្រឹមសប្តាហ៍ទី២៦ ជើងទី២។ កីឡាករមកពីតំបន់អាហ្រ្វិករូបនេះ រកគ្រាប់ស៊ុតបញ្ចូលទីបាន៨គ្រាប់ និង Assist បាន៨គ្រាប់ដូចគ្នា ពីការចូលលេងបាន ២៤ប្រកួត ក្នុងលីគកំពូលអង់គ្លេសរដូវកាលឆ្នាំ២០១៧-២០១៨ នេះ៕


Via :khmertalking