ខ្សែប្រយុទ្ធជើងចាស់ Robin van Persie ទើបតែកៅឆាយស៊ុតចូលគ្រាប់បាល់ទី១ គិតចាប់តាំងពីត្រលប់ទៅក្លិបចាស់ Feyenoord នៅប្រទេសកំណើតហូឡង់វិញ ក្នុងជំនួបជួយក្រុមការពារជើងឯកនៅក្របខណ្ឌកំពូល ដែលក្រុម Feyenoord លត់ Groningen ៣-០ កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញនេះ។

កីឡាករ Jens Toornstra ជាអ្នកស៊ុតគ្រាប់បើកឆាកក្រោយកែបាល់តង់ទី២ បាន៨នាទី។ Jerry St Juste ថែមគ្រាប់ទី២ ក្នុងនាទី៧២ ខណៈ Van Persie ស៊ុតគ្រាប់ទី៣ ជួយអោយ Feyenoord ឡើងទៅឈរនៅលេខរៀងទី៤ ក្នុងតារាង។

អតីតកីឡាករក្រុមជម្រើសជាតិហូឡង់ Van Persie វ័យ ៣៤ឆ្នាំបានចាប់ផ្ដើមអាជីពចេញពីថ្នាលយុវជនក្រុម Feyenoord ក្នុងឆ្នាំ២០០១ រួចត្រូវបានលោក Arsene Wenger នាំយកមកក្រុម Arsenal ក្នុងឆ្នាំ២០០៤ និងបានអភិវឌ្ឍទម្រង់លេងបានដល់កម្រិតកំពូល។ ប៉ុន្តែនៅឆ្នាំ២០១២ រូបគេបានផ្លាស់ទៅ Manchester United ហើយបានលើកពាន Premier League លើកដំបូងក្នុងអាជីព មុនពេលផ្លាស់ទៅក្លិបយក្សទួរគី Fenerbahce ក្នុងឆ្នាំ២០១៥ ដល់ដើមឆ្នាំ២០១៨៕

ប្រភព៖ Dailymail
Via :Cambosport