អ្នក​ចាត់​ការ​ក្លឹប Real Madrid លោក Zinedine Zidane ក្នុង​ថ្ងៃ​នេះ​បាន​ទាត់​ចោល​រាល់​ពាក្យ​ចចាមអារ៉ាម​ទាំង​អស់​ដែល​ថា​ខ្សែ​បម្រើ Isco នឹង​ចាក​ចេញ​ពី​ Real Madrid។ លោក​បាន​សង្កត់​ធ្ងន់​ថា លោក​ចង់​ឲ្យ​កីឡាករ​អេស្ប៉ាញ​នៅ​លេង​ឲ្យ​ក្លឹប​អស់​មួយ​ជីវិត។

លោក Zidane បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ “ខ្ញុំ​ចង់​ឲ្យ Isco លេង​ឲ្យ​ក្លឹប Real Madrid។ ខ្ញុំ​ចង់​ឲ្យ​គេ​ចំណាយ​ពេល​មួយ​ជីវិត​នៅ​ទី​នេះ”។​ អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​បន្ត៖ “គេ​គឺ​ជា​កីឡាករ​ល្អ​ណាស់។ ដូច្នេះ​ខ្ញុំ​សុំ​ចេញ​មុខ​បញ្ជាក់​ថា​ រាល់​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​គេ​នឹង​ចាក​ចេញ​ពី​ក្លឹប​សុទ្ធ​តែ​ជា​ពាក្យ​កុហក​ទាំង​អស់”។

កាល​ពី​ចុង​រដូវ​កាល​មុន និង​ដើម​រដូវ​កាល​នេះ Isco ត្រូវ​បាន​លោក Zidane ដាក់​ឲ្យ​ចូល​លេង​ជា​ច្រើន​ប្រកួត។ ទោះ​ជា​យ៉ាង​ណា មួយ​រយៈ​ចុង​ក្រោយ​នេះ បន្ទាប់​ខ្សែ​ប្រយុទ្ធ Gareth Bale ជា​ពី​របួស​វិញ កីឡាករ​អេស្ប៉ាញ​ Isco ​បាន​ចំណាយ​ពេល​ច្រើន​លើ​កៅអី​បម្រុង។ ការណ៍​នេះ បង្ក​ឲ្យ​មាន​ការ​ឆាបឆួល​នូវ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន ជា​ពិសេស​នា​ពេល​ថ្មីៗ​នេះ ​ដែល​ថា Isco អាច​នឹង​ចេញ​ពី​ក្លឹប Real Madrid នា​រដូវ​កាល​ក្រោយ៕