ខ្សែបម្រើ Matt Ritchie បានធ្វើឲ្យក្រុម Manchester United រងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម Newcastle ស្របពេលដែលក្រុម Liverpool បានពង្រឹងទីតាំងរបស់ពួកគេក្នុងចំណាត់ថ្នាក់កំពូលទាំង៤ តាមរយៈការកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Southampton កាលពីថ្ងៃអាទិត្យ។

ការរងបរាជ័យជាលើកទី២ របស់ក្រុម Man United ក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Premier League ៣លើកចុងក្រោយរបស់ពួកគេ បានធ្វើឲ្យពួកគេត្រូវដេញតាមពីក្រោយក្រុម Manchester City រហូតដល់ទៅ១៦ពិន្ទុ។ ក្រុមឈរលេខ២ របស់លោក Jose Mourinho ដែលបានរងបរាជ័យក្រោមស្នាដៃក្រុម Tottenham ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនោះ មិនបានបង្ហាញពីទម្រង់លេងល្អឡើយ នាកីឡដ្ឋាន St James’ Park នេះ និងបានជួបការខកចិត្តនៅនាទីទី៦៥។

ខ្សែការពារ Chris Smalling របស់ក្រុម Man United បានរងពិន័យកាតលឿងសម្រាប់ការធ្វើជាដួលនៅតំបន់ការពាររបស់ខ្លួន ហើយជាលទ្ធផលបាននាំឲ្យមានការស៊ុតបាល់ពិន័យ Free-kick ពី Jonjo Shelvey ខណៈដែលកីឡាករ Dwight Gayle បានតែតបាល់ មុននឹងមានការបញ្ជូនបាល់ទៅឲ្យ Ritchie។ ក្រោយពីខ្សែបម្រើរូបនេះ បានយកប្រៀបទៅលើការធ្វេសប្រហែសរបស់ខ្សែការពារនៃក្រុម Man United ដើម្បីធ្វើការស៊ុតបាល់បំប៉ោងសំណាញ់ទី ផុតដៃរបស់អ្នកចាំទី David De Gea តែម្តង។

លោក Mourinho គ្រូបង្វឹករបស់ក្រុម Man Utd បានឲ្យដឹងថា៖ «ការកាត់សេចក្តីរបស់ខ្ញុំគឺថា យើងមិនអាចស្ថិតនៅទីនេះឲ្យបាន១០ម៉ោង និងមិនអាចរកគ្រាប់បាល់បញ្ចូលទី១គ្រាប់ឡើយ។ ក្រុម Newcastle លេងប្រកបដោយទឹកចិត្ត និងបានការពារយ៉ាងរឹងមាំ»៕

Via :cambosport