លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្រុម Chelsea ជឿជាក់ថា ការទទួលខុសត្រូវគួរតែមានការបែងចែកគ្នា សម្រាប់ការធ្លាក់ចុះទម្រង់លេងដែលបានធ្វើឲ្យគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ស្ថិតក្នុងដំណាក់កាលនៃការប្រជែងរក្សាតំណែងរបស់លោក ខណៈដែលក្រុម West Brom នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ នៅរាត្រីថ្ងៃចន្ទនេះ។

ការរងបរាជ័យក្នុងលទ្ធផល ៤-១ នៅលើទឹកដីក្រុម Watford កាលពីថ្ងៃចន្ទ សប្តាហ៍មុន បានកើតឡើងបន្ទាប់ពីការរងបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុម Bournemouth ក្នុងការប្រកួតចុងក្រោយលើទឹកដីក្រុមរបស់ក្រុម Chelsea បានធ្វើឲ្យក្រុមតោខៀវមួយនេះ ប្រឈមមុខនឹងការបាត់បង់កៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។

លោក Conte បានធ្វើការត្អូញត្អែម្តងហើយម្តងទៀតនៅរដូវកាលនេះពីការមិនចុះសម្រុងគ្នារបស់លោកទៅនឹងគោលនយោបាយទិញចូលកីឡាកររបស់ក្លិប ខណៈដែលភាពតានតឹងផ្សេងៗ បានកើនឡើងកាន់តែខ្លាំងជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រុម Chelsea។ ប៉ុន្តែ ទោះបីជាយ៉ាងណា អតីតគ្រូបង្វឹករបស់ក្លិប Juventus រូបនេះ បានចោទប្រកាន់កីឡាកររបស់លោកពីការបង្ហាញពីទម្រង់លេងដោយមានការភ័យខ្លាច និងខ្វះនូវស្មារតីប្រយុទ្ធ ខណៈដែលពួកគេបានធ្វើការបោះបង់ដោយងាយ តាមរយៈការរបូតគ្រាប់បាល់ដល់ទៅ ៣គ្រាប់ក្នុងរយៈពេល១០នាទីចុងក្រោយនៅកីឡដ្ឋាន Vicarage Road។

លោក Conte បានឲ្យដឹងថា៖ «នៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាល់នេះ ជាមួយនឹងលទ្ធផលដ៏ខកចិត្តបែបនេះ អ្នកត្រូវតែបែងចែកការទទួលខុសត្រូវរវាងខ្ញុំ កីឡាករ និងក្លិប។ ដូចដែលអ្នកដឹងស្រាប់ហើយ ដោយសារតែយើងនិយាយពីកីឡាករបាល់ទាត់ជាច្រើនមកហើយ ខ្ញុំមិនយល់ស្របលើចំណុចត្រង់ថា គ្រូបង្វឹកអាស្រ័យទៅលើលទ្ធផល។ សម្រាប់ហេតុផលនេះ យើងត្រូវតែយកចិត្តទុកឲ្យបានខ្លាំងបំផុត»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕
ប្រភព៖ Sport24
Via :Cambosport