ខ្សែប្រយុទ្ធ Harry Kane បានរកគ្រាប់បាល់បញ្ចូលទីច្រើនជាងតារាឆ្នើម Cristiano Ronaldo ឬ Lionel Messi ទៅទៀតក្នុងឆ្នាំ២០១៧ ប៉ុន្តែ វាគឺអាស្រ័យទៅលើការប្រកួតក្របខ័ណ្ឌ Champions League ដែលខ្សែប្រយុទ្ធឡើងទម្រង់លេងរបស់ក្រុម Tottenham ត្រូវតែបង្ហាញដើម្បីអាចធ្វើការប្រជែងយ៉ាងពិតប្រាកដជាមួយនឹងកីឡាករឆ្នើមរបស់ពិភពលោក ៥សម័យកាលទាំង២រូបនេះ។

Kane ទទួលបានឱកាសរបស់គេ នៅពេលដែលយុទ្ធនាការក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប វិលទៅដំណើរការវិញនៅរាត្រីនេះ ខណៈដែលរូបគេនឹងត្រូវដឹកនាំក្រុម Spurs ឆ្ពោះទៅកាន់កីឡដ្ឋាន Allianz របស់ក្រុម Juventus ខណៈដែលក្រុមជើងខ្លាំងរបស់អ៊ីតាលីមួយនេះ បានរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Champions League លើទឹកដីខ្លួនឯងត្រឹមតែ១លើកគត់ក្នុងចំណោមការប្រកួត២៧លើក។

ក្រោយពីបានរកគ្រាប់បាល់កាត់សេចក្តីក្នុងពេលក្រុម Spurs បានយកឈ្នះលើក្រុម Arsenal ១-០ កាលពីថ្ងៃសៅរ៍ ដើម្បីរកគ្រាប់បាល់ទី៣២របស់គេនៅរដូវកាលនេះ Kane បានឲ្យដឹងថា៖ «វាជាការប្រកួតដ៏ធំមួយប៉ុន្តែ នោះគឺជាអ្វីដែលអ្នកសម្លឹងឆ្ពោះទៅមុខក្នុងនាមជាកីឡាករម្នាក់»។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះបានបន្ថែមទៀតថា៖ «អ្នកចង់សាកល្បងសមត្ថភាពខ្លួនអ្នកផ្ទាល់នៅពេលដែលប្រកួតជាមួយនឹងក្រុមខ្លាំងបំផុត ហើយ Juventus បានជួបលទ្ធផលដ៏អស្ចារ្យក្នុងក្របខ័ណ្ឌ Champions League នាពេលថ្មីៗនេះ ហេតុនេះ ខ្ញុំពិតជាសម្លឹងឆ្ពោះទៅមុខសម្រាប់ការប្រកួតនេះ»។

ក្រុម Juventus ដែលបានរងបរាជ័យត្រឹមតែ១លើកគត់លើទឹកដីខ្លួនឯងក្នុងរយៈពេលជិត២ឆ្នាំនោះ បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនេះ តាមរយៈការយកឈ្នះលើក្រុម Fiorentina ២-០ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ខណៈដែលពួកគេក៏បានរបូតគ្រាប់បាល់តែ១គ្រាប់ផងដែរពីការប្រកួត១១លើកចុងក្រោយរបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ប្រភព៖ New Straits Times
Via :Cambosport