ក្រុមបឹងកេត របស់កម្ពុជា បានក្លាយជាក្រុមរងគ្រោះ ដែលទទួលបានភាពជូរចត់ខ្លាំងបំផុត ក្នុងការប្រកួតបើកឆាកជើងទី១ វគ្គចាប់ពូល នៃពានរង្វាន់ AFC Cup 2018 ខណៈក្រុមដ៏កម្សត់មួយនេះបានចាញ់ក្រុមម្ចាស់ផ្ទះរបស់ហ្វីលីពីន Ceres-Negros រហូតដល់ ៩-០ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ។

សម្រាប់ការប្រកួតក្រោមដំណក់ភ្លៀងស្រិចៗ នៅពហុកីឡដ្ឋាន Panaad Park and Stadium កាលពីយប់ថ្ងៃអង្គារ ម្សិលមិញនោះ លោក កែវ កុសល គ្រូបង្វឹកក្រុមបឹងកេត បានប្រើប្រព័ន្ធលេងបែបការពារ ៤-៤-១-១ ព្រោះលោកបានដឹងថា Ceres-Negros គឺជាក្រុមខ្លាំង។

ប៉ុន្តែរនាំងការពារនេះ មិនអាចទប់ស្កាត់ការវាយលុកយ៉ាងខ្លាំងរបស់ក្រុម Ceres-Negros បាននោះទេ។ ក្រុម Ceres-Negros បានរកបានជាបន្តបន្ទាប់ ដើម្បីនាំមុខក្រុមបឹងកេត ៥-០ ក្នុងតង់ទី១ ដោយក្នុងនោះ ខ្សែប្រយុទ្ធពាក់លេខ៩ Takumi Uesato និងលេខ៧ Bienvenido សុទ្ធតែរកបាន២គ្រាប់ម្នាក់ឯង ហើយលេខ១០ Jose Porteria រកបាន១គ្រាប់។

បន្ថែមលើភាពជូរចត់នេះ ខ្សែការពារ ស៊ុន សុវណ្ណរិទ្ធី បានភ្លាត់តែតបាល់បញ្ចូលទីខ្លួនឯង នៅនាទីទី៥៨ មុនពេលកីឡាករ Manue Ott, Carlos Martines de Murga និង Jose Porteria បានបន្ថែមម្នាក់១គ្រាប់ទៀតឲ្យក្រុម Ceres-Negros ដើម្បីយកឈ្នះក្រុមបឹងកេត ៩-០ លើកនេះ។

ជាមួយលទ្ធផលឈ្នះ ៩-០ ធ្វើឲ្យអ្នកគាំទ្រផ្ទាល់របស់ក្រុម Ceres-Negros សប្បាយចិត្តយ៉ាងខ្លាំង ព្រោះជ័យជម្នះដ៏ធំនេះ បានជួយឲ្យ Ceres-Negros ឡើងទៅឈរនៅលេខ១ប្រចាំពូលF ជាបណ្តោះអាសន្ន និងតាមពីក្រោយដោយក្រុម Home United របស់សិង្ហបុរី ដែលបានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ១-០ ក្នុងការប្រកួតបើកឆាក កាលពីថ្ងៃអង្គារ ម្សិលមិញ នោះដែរ។

ប៉ុន្តែការចាញ់ក្រុម Ceres-Negros ៩-០ ក្នុងការប្រកួតបើកឆាកនេះ បានក្លាយជាលទ្ធផលដ៏អាក្រក់បំផុត ដែលក្រុមបឹងកេត មិនធ្លាប់ទទួលបាន ពីមុនមកនោះទេ ហើយវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកគាំទ្រ និងសមាជិកក្រុមបឹងកេត ផ្ទាល់ ផងដែរ ក្នុងការប្រកួតសន្សំពិន្ទុ ជាបន្តទៀត៕

Via :Cambosport