Harry Kane និង Christian Eriksen បានជួយឲ្យក្រុម Tottenham វិលទៅកាន់ផ្លូវល្អប្រសើរឡើងវិញ ដើម្បីតាមស្មើក្រុម Juventus ក្នុងលទ្ធផល ២-២ ក្នុងទីក្រុង Turin ដើម្បីលុបចោលគ្រាប់បាល់ដ៏ល្អរបស់ខ្សែប្រយុទ្ធ Gonzalo Higuain ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១ កាលពីថ្ងៃអង្គារ។

Higuain បានជួយឲ្យក្រុម Juventus ដែលជាម្ចាស់ជើងឯករង២សម័យកាលក្នុងរយៈពេល៣រដូវកាលចុងក្រោយនេះ មានគ្រាប់បាល់នាំមុខ២គ្រាប់មុន ក្នុងរយៈពេលត្រឹមតែ៩នាទីដំបូង។ គ្រាប់បាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ បានកើតឡើង ក្រោយពីលេងបានរយៈពេល៧៥វិនាទី មុននឹងបន្ថែមគ្រាប់បាល់១គ្រាប់ទៀតពីការស៊ុតបាល់ប៉េណាល់ទី។ Kane បានវាយបក១គ្រាប់វិញ នៅនាទី ទី៣៥ ក្រោយពីទទួលបាល់ពីការបញ្ជូនយ៉ាងល្អរបស់ Dele Alli មុននឹងអូសបាល់ដាច់អ្នកចាំទី Gianluigi Buffon ដើម្បីស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អ។

ខ្សែបម្រើអន្តរជាតិដាណឺម៉ាក Eriksen បានជួយឲ្យក្រុមរបស់ខ្លួនតាមស្មើវិញនៅនាទី ទី៧០ តាមរយៈការស៊ុតបាល់ពិន័យ Free-kick ក្រោយពីខ្សែការពារកណ្តាល Giorgio Chiellini បានប្រព្រឹត្តកំហុសទៅលើ Alli។ គ្រាប់បាល់ក្រៅដីទាំង២គ្រាប់នេះ បានធ្វើឲ្យក្រុម Spurs ស្ថិតក្នុងទីតាំងដ៏រឹងមាំមួយ នៅមុនពេលឈានទៅប្រកួតជើងទី២ នាថ្ងៃទី៧ ខែមិនា នាកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍៕

ប្រភព៖ Channel News Asia
Via :Cambosport