ខ្សែប្រយុទ្ធ Roberto Firmino បានសន្យាថា តំបន់ប្រយុទ្ធដ៏មុតស្រួចរបស់ក្រុម Liverpool នឹងធ្វើឲ្យក្រុម Porto ជួបការលំបាក នៅពេលដែលពួកគេជួបគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយនៅរាត្រីនេះ។ ក្រុមរបស់លោក Jurgen Klopp បានបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំដើម្បីបញ្ចប់ដោយការឈរលេខ១ក្នុងពូល ក្រោយពីបានស៊ុតបាល់បញ្ចូលទី២៣គ្រាប់ ខណៈដែល Firmino រកបាន៦គ្រាប់ ហើយ Mohamed Salah រកបាន៥គ្រាប់។

បើទោះបីខ្សែបម្រើឆ្នើម Philippe Coutinho ដែលរកគ្រាប់បាល់បញ្ចូលទីបាន៥គ្រាប់ក្នុងការប្រកួតវគ្គចែកពូល បានផ្ទេរទៅកាន់ក្លិប Barcelona ក៏ដោយ ប៉ុន្តែ Salah បានបង្ហាញពីភាពមុតស្រួចដ៏គួរកត់សម្គាល់ តាមរយៈការរកបានគ្រាប់បាល់ទី២៩របស់គេនៅរដូវកាលនេះ ក្នុងរាល់យុទ្ធនាការទាំងអស់ ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះលើក្រុម Southampton ២-០ កាលពីចុងសប្តាហ៍ថ្មីៗនេះ។

ជាមួយគ្នានេះ គ្រាប់បាល់សរុបរបស់ Firmino ក្នុងក្របខ័ណ្ឌ Champions League បានធ្វើឲ្យរូបគេស្ថិតនៅលើតារាងអ្នករកបានគ្រាប់បាល់ច្រើនជាងគេ ដែលត្រូវបានគ្រប់គ្រងដោយខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Real Madrid និង Harry Kane របស់ Tottenham។ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះបានឲ្យដឹងថា៖ «យើងនឹងធ្វើឲ្យ Porto ជួបការលំបាក និងធ្វើឲ្យពួកគេជួបការខកចិត្ត។ ប្រសិនបើខ្ញុំលេងបានល្អ នោះគ្រាប់បាល់ជាច្រើននឹងកើតឡើង។ ខ្ញុំនឹងព្យាយាមប្រឹងឲ្យអស់ពីសមត្ថភាពសម្រាប់ក្រុមនេះ និងព្យាយាមលេងជាមួយនឹងកីឡាករឆ្នើមៗទាំងនេះក្នុងក្របខ័ណ្ឌអឺរ៉ុប»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ប្រភព៖ Channel News Asia

Via :Cambosport