មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា​ខ្សែ​ប្រយុទ្ធ Neymar អាច​នឹង​ចាក​ចេញ​ទៅ​ក្លឹប Real Madrid នៅ​ក្នុង​រដូវ​កាល​ក្រោយ។ មិន​តែ​ប៉ុណ្ណោះ មាន​របាយការណ៍​ខ្លះ​ហ៊ាន​ទាំង​អះ​អាង​ថា ក្លឹប​យក្ស​អេស្ប៉ាញ​នឹង​យក Cristiano Ronaldo ធ្វើ​ជា​ថ្នូរ ដើម្បី​ដូរ​យក Neymar ពី​ PSG ទៀតផង។

ដោយ​ឡែក​កាល​ពីពេលថ្មីៗនេះ អ្នក​ចាត់​ការ​ក្លឹប PSG លោក Unai Emery បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ទាក់ទិន​នឹង​ពាក្យ​ហ្នឹង។

ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ពេល​សួរ​ថា រវាង​ Cristiano Ronaldo និង Neymar តើ​លោក​ចង់​បាន​នរណា​ជាង លោក​អ្នក​ចាត់​ការ Emery បាន​និយាយ​ថា៖ “តាម​ពិត​ទៅ សំណួរ​នេះ​អាច​និយាយ​បាន​ថា ពិបាក​ក្នុង​ការ​ឆ្លើយ​ក៏​បាន ឬ​ស្រួល​ក៏ថា​បាន។ វា​អាស្រ័យ​ទៅ​តាម​ការ​យល់​ឃើញ​របស់​មនុស្ស​ម្នាក់ៗ”។

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បន្ត៖ “បើ​តាម​គំនិត​ខ្ញុំ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​បាន​ដឹកនាំ Neymar។ អ៊ីចឹង​ច្បាស់​ណាស់ ថា​ខ្ញុំ​ចង់​បាន Neymar ជាង”។

សូម​បញ្ជាក់​ផង​ដែរ​ថា Neymar ទើប​តែ​ចាក​ចេញ​ពី​ក្លឹប​អ្នក​មាន​បុណ្យ Barcelona មក​ចូល​រួម​ជាមួយ​ក្លឹប​អ្នក​មាន PSG កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​ប៉ុណ្ណោះ ក្នុង​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ពិភព​បាល់ទាត់ ២២២​លាន​អឺរ៉ូ (ជាង ២៧០​លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

Real Madrid នឹង​បើក​ទ្វារ​ស្វាគមន៍ PSG ក្នុង​ជំនួប​ជើង​ទី១ Champions League នៅ​យប់​ថ្ងៃ​នេះ៕
Via :news.sabay