ការប្រកួតក្របខណ្ឌពានរង្វាន់កំពូលទ្វីបអឺរ៉ុប UEFA Champion League វគ្គ១៦ក្រុមចុងក្រោយ ក្រុមម្ចាស់ផ្ទះ និងជាក្រុមការពារតំណែងជើងឯក Real Madrid ដែលមានចំណាត់ថ្នាក់លេខ២ ក្នុងពូលH បានបើកទ្វារកីឡាដ្ឋាន Santiago Bernabeu ទទួលក្រុមអ្នកមានជំនាន់ថ្មីគឺ Paris Saint Germain ដែលមានចំណាត់ថ្នាក់លេខ១ ក្នុងពូលB កាលពីយប់ថ្ងៃទី១៤ កុម្ភៈ ២០១៨ នេះ។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo នៅតែមានឪកាសរកបានគ្រាប់បាល់វាយបកតាមយកស្មើវិញតាមរយៈបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៤៥ ក្រោយការស៊ុតនាំមុខដោយកីឡាករក្រុមភ្ញៀវ Adrien Rabiot នៅនាទីទី៣៣។ Ronaldo នៅតែមានឪកាសរកបានគ្រាប់បាល់នាំមុខអោយក្រុមម្ចាស់ ផ្ទះនៅនាទីទីទី៨៣ដោយបាល់លោតប៉ះនឹងជង្គង់ ក្រោយការបញ្ជូនបាល់ពីជ្រុងខាងឆ្វេងរបស់កីឡាករខ្សែបម្រើ Marco Asensio ខណៈអ្នកចាំទីនិងខ្សែការពារ PSG ធ្វើការ Clear បាល់មិនបានល្អ។

ការប្រកួតជិតនឹងបញ្ចប់តង់ទី២ ទៅហើយនៅនាទីទី៨៦ Marcelo ខ្សែការពារខាងឆ្វេងរបស់ក្រុមម្ចាស់ផ្ទះធ្វើបានសម្រេច ដោយការបញ្ជូនទៅអោយ Asensio រួចហើយ Asensio បញ្ជូនមកវិញនាំអោយកីឡាករ Marcelo ធ្វើបានសម្រេចដោយការស៊ុតជើងឆ្វេង។
បញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះផ្តួលក្រុមភ្ញៀវដោយលទ្ធផល Real Madrid ៣:១ Paris Saint Germain។ ការប្រកួតនេះបានបង្កើតកំណត់ត្រាដល់ខ្សែប្រយុទ្ធ Cristiano Ronaldo អោយឈានដល់ការរកគ្រាប់បាល់ទី១០០ សម្រាប់ការប្រកួតអោយក្រុមតែមួយនៅក្របខណ្ឌ Champion League។