ជាថ្មីម្តងទៀត Cristiano Ronaldo បានបង្កើតកំនត់ត្រាមួយទៀតកាលពីយប់ថ្ងៃពុធម្សិលមិញ ដោយក្លាយជាកីឡាករទី១ ដែលរកបាន ១០០គ្រាប់សម្រាប់ការប្រកួតអោយក្រុមតែមួយនៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុប UEFA Champion League។

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ ៣៣ឆ្នាំ រកបានគ្រាប់បាល់នៅតង់ទី១ ក្នុងជំនួបទល់នឹងក្រុម Paris Saint-Germain សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៅកីឡាដ្ឋាន Santiago Bernabeu អោយក្រុម Real Madrid។ Ronaldo បានបន្ថែមគ្រាប់បាល់ទី២បន្តទៀត ក្រោយការផ្តល់បាល់ ពីជ្រុងខាងឆ្វេងរបស់កីឡាករ Asensio។

កីឡាករឆ្នើមវ័យ ៣៣ឆ្នាំ រូបនេះរកបាន ១១៥គ្រាប់ហើយសម្រាប់ការប្រកួតនៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុប មានន័យថា កំលុងពេលនៅជាកីឡាកររបស់ក្រុម Man.United Ronaldo ស៊ុតបានសម្រេច១៥គ្រាប់ ខណៈការប្រកួតអោយក្រុមស្តេចស Real Madrid ជិត១ទសវត្សនេះ ម្ចាស់ពានរង្វាន់បាល់មាស ៥សម័យរកបានគ្រាប់បាល់ទី១០០ហើយ។

Ronaldo បានឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបនេះរហូតដល់ទៅ ៤ដង ខណៈរូបគេគឺជាកីឡាករតែម្នាក់គត់ ដែលរកបានគ្រាប់បាល់បញ្ចូលទី៣ដងនៅក្នុងចំនោមការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំង៤នោះ។

ប្រភព៖ Metro