ខ្សែបម្រើចាស់ វស្សា Michael Carrick បង្ហើបថា ខ្សែបម្រើវ័យក្មេង Scott McTominay នឹងអាចចូលជំនួសតំណែងរបស់ខ្លួនក្នុងនាមជាខ្សែបម្រើ នៅ Manchester United ហើយ ជឿជាក់ថាកីឡាករវ័យក្មេងរូបនេះលេងកាន់តែល្អ។

McTominay ដែលមានវ័យ ទើប ២១ ឆ្នាំ បង្ហាញខ្លួនលើកដំបូង ពេល បិសាចក្រហមចាញ់ Arsenal កាលចុងរដូវកាលមុន ហើយរូបគេ លេងបាន ១២ លើកហើយ សម្រាប់ក្រុមរបស់លោក Jose Mourinho រដូវកាលនេះ។ អ្នកចាត់ការ Jose Mourinho សរសើរ McTominay ដែលតែងតែជំនួសតំណែង Carrick ដោយភាពជឿជាក់ ហើយរូបគេនឹងមានអនាគតល្អនៅ Old Trafford។

Carrick បង្ហើបប្រាប់ Mutv ថា «យុវជនសញ្ជាតិស្កុតឡែនធ្វើបានយ៉ាងល្អ ក្នុងរយៈពេល ៦ ទៅ ១២ ខែចុងក្រោយនេះ ពេលរូបគេបានហ្វឹកហាត់ជាមួយយ៉ាងខ្លាំងក្លា។

អតីតកីឡាកររបស់ Spurs បញ្ជាក់ថា ខ្សែបម្រើវ័យ ២១ ឆ្នាំមានថាមពលគ្រប់គ្រាន់ រហ័ស និង គ្រប់គ្រងបាល់បានយ៉ាងល្អរួមទាំងការចែកបាល់។ គេមានឆន្ទៈដើម្បីរៀន ហើយនេះជារឿងល្អបំផុតក្នុងការអភិវឌ្ឍន៍ខ្លួន។ ខ្សែបម្រើ Carrick ដែលមានវ័យ៣៦ ឆ្នាំនឹងចូលរួមក្រុមការងារគ្រូបង្វឹករបស់លោក Mourinho នាដំណាច់រដូវកាលនេះហើយគេជឿថាអ្នកដែលត្រូវស្នងតំណែង McTominay នេះឯង។ McTominay លេងបានយ៉ាងល្អ ពេល Manchester United ឈ្នះ Huddersfield Town ២-០ កាលថ្ងៃសៅរ៍កន្លងទៅនា FA Cup ជុំទី ៤៕