ការប្រមាញ់រកការឈ្នះពាន៤ក្នុងរដូវកាលតែមួយរបស់ក្រុម Manchester City នឹងបន្តនៅលើទឹកដីក្រុម Wigan សម្រាប់ការប្រកួតពាន FA Cup ជុំទី៥ ស្របពេលដែលការសងសឹកចំពោះការរងបរាជ័យដ៏មិននឹកស្មានដល់ក្រោមស្នាដៃក្រុម Wigan ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៣ ក៏ស្ថិតក្នុងចិត្តរបស់ពួកគេផងដែរ។

ក្រុម Man City របស់លោក Pep Guardiola បានលុបចោលនូវការសង្ស័យផ្សេងៗថា បញ្ហារបួស និងការអស់កម្លាំង អាចនឹងក្លាយជាឧបសគ្គចំពោះការប្រជែងក្នុងការឈ្នះពានក្របខ័ណ្ឌ Premier League, Champions League, League Cup និង FA Cup តាមរយៈការស៊ុតបាល់បញ្ចូលទី៩គ្រាប់ ក្នុងការប្រកួត២លើកចុងក្រោយរបស់ពួកគេ។

Man City បានផ្តួលក្រុម Leicester ៥-១ កាលពីចុងសប្តាហ៍មុន ដើម្បីបន្ថែមការនាំមុខរបស់ខ្លួននៅលើតារាងនៃក្របខ័ណ្ឌ Premier League រហូតដល់ទៅ១៦ពិន្ទុ មុននឹងពួកគេបានលត់ក្រុម Basel យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ កាលពីថ្ងៃអង្គារ។ ជាមួយគ្នានេះ ព័ត៌មានដ៏ល្អជាច្រើនផ្សេងទៀតសម្រាប់លោក Guardiola ក្នុងប្រទេសស្វ៊ីសគឺការវិលត្រឡប់របស់កីឡាករ Leroy Sane, David Silva និង Fabian Delph ពីបញ្ហារបួសរបស់ពួកគេរៀងៗខ្លួនវិញ។

ក្រុម Man City អាចនឹងផ្តល់ពានជាលើកទី១ក្នុងរជ្ជកាលនៃការដឹកនាំរបស់លោក Guardiola នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ក្នុងការប្រកួតពាន League Cup វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុម Arsenal។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Guardiola បានធ្វើការប្រមានប្រឆាំងនឹងការមានអំណួតលើខ្លួនឯងពេក នៅលើទឹកដីក្រុម Wigan ដែលបានផ្តួលក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League ចំនួន២រួចជាស្រេចគឺ Bournemouth និង West Ham ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៥៥ទៀបភ្លឺ៕

ប្រភព៖ Channel News Asia