កាល​ពី​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ឆ្នាំ​២០០៩​ មាន​រឿង​ចម្រូងចម្រាស​មួយ​បាន​កើត​ឡើង​ដោយ​សារ​ការ​ចោទ​ប្រកាន់​អាជ្ញាកណ្ដាល​ថា​បាន​កាត់​ក្ដី​លំអៀង​ទៅ​ Barcelona។

ការ​ប្រកួត​ជើង​ទី​មួយ​នៅ​ទឹកដី​ Nou Camp រវាង​ Barca និង​ Chelsea បាន​ស្មើ​គ្នា​ ០-០ ហើយ​នៅ​ទឹកដី​ Stamford Bridge វិញ​គឺ​បញ្ចប់​ក្នុង​លទ្ធផល​​ ១-១ ធ្វើ​ឲ្យ​ក្រុម​យក្ស​មក​ពី​កាតាឡាន់​​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​យោង​តាម​រូបមន្ត​ Away goal។

​ម្ចាស់​ផ្ទះ​ Chelsea បាន​ធ្លាក់​ចេញ​ពី​កម្មវិធី​ទាំង​មិន​អស់​ចិត្ត​ ដោយ​ខ្លួន​​បាន​នាំ​មុខ​មុន​តាំង​ពី​នាទី​ ទី​៩​ ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ការពារ​ Essien តែ​ត្រូវ​ Iniesta ស៊ុត​តាម​ស្មើ​វិញ​នាទី​៩០+៣។

ក្រុម​រហស្សនាម​ថា​តោ​ខៀវ​បាន​ចោទ​អាជ្ញាកណ្ដាល​មិន​ផ្ដល់​បាល់​ប៉េ​ណាល់​ទី​ឲ្យ​ពួកគេ​៤ករណី​ផ្សេង​គ្នា​ ទី​១​ការ​ធ្វើ​ឲ្យ​ Malouda ដួល​ក្នុង​ប្រអប់​ ទី២​ការ​ធ្វើ​ឲ្យ​ Droqba ដួល​ ហើយ​ទី​៣​ និង​ទី​៤​សុទ្ធ​តែ​ជា​បាល់​ប៉ះ​ដៃ​កីឡាករ​ Barcelona។ ​

ទោះ​រំលង​បាន​៩​ឆ្នាំ​ក៏​អាជ្ញាកណ្ដាល​ Tom Henning Ovrebo នៅ​ចាំ​មិន​ភ្លេច​ពី​ហេតុការណ៍​យប់​នោះ​ គឺ​លោក​ត្រូវ​គេ​គំរាម​សម្លាប់​ក្រោម​ហេតុផល​ថា​លំអៀង​ទៅ​ Barcelona។ បុរស​ដែល​បច្ចុប្បន្ន​ចូល​និវត្តន៍​ពី​អាជីព​អាជ្ញាកណ្ដាល​ បាន​បង្ខំ​ចិត្ត​ប្ដូរ​សណ្ឋាគារ​របស់​ខ្លួន​ទាំង​យប់​ដើម្បី​សុវត្ថិភាព​។

“ក្រោយ​ការ​ប្រកួត​ខ្ញុំ​មិន​និយាយ​រក​កីឡាករ​ណា​ទាំង​អស់។ ខ្ញុំ​ចាំ​បាន​ពួក​យើង​ត្រូវ​ប្ដូរ​សណ្ឋាគារ​ដោយ​សារ​មនុស្ស​ជា​ច្រើន​​កំពុង​មាន​កំហឹង​​។ យើង​រស់​ដោយ​ប្រុង​ប្រយ័ត្ន​នៅ​យប់​នោះ​ និង​ថ្ងៃ​បន្ទាប់”។ Ovrebo និយាយ​ដូច្នេះ៕

Via: Sabay