លោក Jupp Heynckes គ្រូបង្វឹករបស់ក្រុម Bayern Munich បានទទួលស្គាល់ថា រូបលោកកំពុងតែជួបការសម្រេចចិត្តដ៏លំបាកមួយចំនួនក្នុងការជ្រើសរើសក្រុមរបស់លោក សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ ជាមួយនឹងក្រុម Besiktas នៅរាត្រីនេះ។

សម្រាប់រយៈពេលជាលើកទី១ ក្នុងរយៈពេល៥ឆ្នាំ ក្រុម Bayern មិនមានកីឡាកររូបណារបួសសោះ និងអាចចូលលេងបានសម្រាប់ការប្រកួតនេះនៅកីឡដ្ឋាន Allianz Arena។ លោក Heynckes ដែលបានដឹកនាំឲ្យក្រុម Bayern ឈ្នះពាន Champions League កាលពីឆ្នាំ២០១៣នោះ នឹងឈានចូលវ័យ៧៣ឆ្នាំ នៅខែឧសភា ប៉ុន្តែ គ្រូបង្វឹករូបនេះបានបញ្ជាក់ថា លោកនៅតែមានអារម្មណ៍តានតឹងចំពោះការត្រៀមលក្ខណៈផ្សេងៗសម្រាប់ការប្រកួតក្របខ័ណ្ឌកំពូលអឺរ៉ុបមួយនេះ។

លោកត្រូវធ្វើការសម្រេចចិត្តដ៏លំបាកៗជាច្រើន ខណៈដែលអ្នកចាំទី Manuel Neuer គឺជាកីឡាករតែម្នាក់ដែលអវត្តមាន ក្រោយពីរូបគេទើបតែជាសះស្បើយពីបញ្ហារបួសប្រអប់ជើងរបស់គេ។ លោក Heynckes បាននិយាយកាលពីថ្ងៃចន្ទថា៖ «ខ្ញុំគ្មានក្រុម A ឬ ក្រុម B ឡើយ។ មានតែក្រុម Bayern តែមួយប៉ុណ្ណោះ។ រាល់កីឡាករទាំងអស់ដឹងពីតួនាទីរបស់ពួកគេ និងយល់គ្នាទៅវិញទៅមក ហេតុនេះ ខ្ញុំគិតថា យើងមិនមានបញ្ហាច្រើនឡើយក្នុងការដាក់ឲ្យកីឡាករលេងចុះឡើងនោះ»។

ក្រោមការដឹកនាំរបស់លោក Heynckes ក្រុម Bayern នឹងឈានទៅកាន់ការប្រកួតនេះ ជាមួយនឹងការបរាជ័យត្រឹមតែ១លើកគត់ពីការប្រកួតទាំង២៣លើកចុងក្រោយរបស់ពួកគេក្នុងរាល់ការប្រកួតទាំងអស់។ ក្រុមម្ចាស់ជើងឯក ៥សម័យកាលមួយនេះ បានកម្តៅសាច់សុំសម្រាប់ការប្រកួតជាមួយនឹងក្រុម Besiktas តាមរយៈការយកឈ្នះលើក្រុម Wolfsburg ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសុក្រ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ប្រភព៖ New Straits Times