ក្រុមចំណូលថ្មី តែសម្បូរទ្រព្យធន់ វិសាខា កំពុងបង្ហាញឲ្យឃើញពីការត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការបង្ហាញវត្តមានជាលើកដំបូង ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ដែលនឹងចាប់ដំណើរការ នៅដើមខែមីនា ខាងមុខនេះ។
បើទោះបីជាក្រុមវិសាខា ទើបត្រូវបានបង្កើតឡើង និងទើបឡើងពីលីក២ មកលេងនៅលីកកំពូលកម្ពុជា ក្នុងឆ្នាំ២០១៨នេះ ប៉ុន្តែការនាំចូលកីឡាករកូរ៉េខាងជើងទាំង៥នាក់មកជួយក្រុម មាន Pak Song Chol, Jang Song Hyok, Choe Myong Ho, Kim Kyong Hun និង Ri Hyok Chol ព្រមទាំងកីឡាករល្អៗ ក្នុងស្រុកមួយចំនួនទៀត កំពុងតែធ្វើឲ្យក្រុមមួយនេះ លេងបានយ៉ាងល្អ ដោយបានឈ្នះ៦ និងស្មើ១ ក្នុងការប្រកួតមិត្តភាពទាំងក្រៅស្រុក និងក្នុងស្រុក កន្លងមកនេះ។
សម្រាប់ការប្រកួតចំនួន៧លើក កន្លងមកនេះ ក្រុមវិសាខា បានយកឈ្នះអាស៊ីអឺរ៉ុប ២-០ ឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-០ ឈ្នះក្រុមថៃ Trat FC ២-០ ស្មើក្រុមថៃ Chanthaburi FC ២-២ ឈ្នះក្រុមជម្រើសខេត្តកោះកុង ៣-២ ឈ្នះក្រុមអង្គរថាយហ្គ័រ ៣-០ ហើយសម្រាប់ការប្រកួតមិត្តភាពចុងក្រោយ កាលពីម្សិលមិញ វិសាខា បានលត់ក្រុមព្រះខ័នរាជស្វាយរៀង ៥-១។
ការលត់ក្រុមចាស់វស្សា ព្រះខ័នរាជស្វាយរៀង ៥-១ កាលពីម្សិលមិញ បានបង្ហាញឲ្យឃើញថា វិសាខា កំពុងតែបោះជំហានទៅមុខគួរឲ្យគត់សម្គាល់ ដើម្បីសម្រេចទិសដៅក្នុងឆ្នាំទី១របស់ខ្លួន គឺការឈរនៅចំណាត់ថ្នាក់មិនក្រោមលេខ៦ណ នៃការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨នេះ។
លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្រុមវិសាខា ធ្លាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្នុងថា៖ «អ្វីដែលយើងចង់បាន គឺត្រូវធ្វើឲ្យក្លិបវិសាខា មានការអភិវឌ្ឍទៅមុខរហូត មិនថយក្រោយទេ។ ចំណែកនៅឆ្នាំនេះ យើងមានមហិច្ឆតា ដូចក្រុមផ្សេងៗដែរ គឺយើងនឹងព្យាយាមមិនឲ្យក្រោមលេខ៦នោះទេ»៕