Manchester United បានត្រឹមស្មើគ្នា ០ ទល់នឹង០ ប៉ុណ្ណោះជាមួយ Sevilla ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ។

ជើងទីមួយនៅទឹកដីអេស្ប៉ាញកាលពីយប់មិញម្ចាស់ផ្ទះលេងបានយ៉ាងល្អដោយស៊ុតរហូត២៥ជើង ស្របពេលភ្ញៀវស៊ុតបាន៦ជើង និងចំគោលដៅតែម្ដងគត់។ ២៥ជើងរបស់ Sevilla ចំទី៨លើកប៉ុន្តែសុទ្ធតែត្រូវបានជួយសង្គ្រោះពីអ្នកចាំទីឆ្នើម De Gea ទាំងអស់។

ការសង្គ្រោះបាល់ដ៏ច្រើននេះធ្វើឲ្យកីឡាករសញ្ជាតិអេស្ប៉ាញក្លាយជាអ្នកចាំទីទីមួយ ដែលចាប់បាល់បាន៨ដងក្នុង១ប្រកួតឲ្យ Manchester United បន្ទាប់ពី Edwin van der Sar ធ្លាប់ធ្វើបានលើកចុងក្រោយទល់នឹង Barcelona នៅ Champions League កាលពីឆ្នាំ២០១១។

គិតតាំងពីដើមរដូវកាលមក De Gea បិទមិនឲ្យគូប្រជែងស៊ុតចូល (Clean Sheet) ១៩លើកហើយ។ កំណត់ត្រាល្អបំផុតរបស់គេគឺ Clean Sheet បាន២០ដងក្នុង១រដូវកាល៕


Via :news.sabay