David de Gea បានទាញយកការចាប់អារម្មណ៍ផ្សេងទៀតពីខ្សែបម្រើ Paul Pogba ជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះមួយផ្សេងទៀតនៅកន្លែងចាំទី ខណៈដែលក្រុម Manchester United បានវិលពីការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយ ជើងទី១របស់ពួកគេ ជាមួយនឹងក្រុម Sevilla នៅប្រទេសអេស្ប៉ាញ ជាមួយនឹងលទ្ធផលស្មើ ០-០ កាលពីថ្ងៃពុធ។
De Gea បានធ្វើការសង្គ្រោះបាល់ ២លើកយ៉ាងល្អ ដើម្បីរារាំងការស៊ុតបាល់របស់កីឡាករ Steven N’Zonzi និង Luis Muriel នៅជិតបញ្ចប់តង់ទី១ នាកីឡដ្ឋាន Ramon Sanchez Pizjuan និងដើម្បីរារាំងមិនឲ្យក្រុម Sevilla មានគ្រាប់បាល់នាំមុខ មុននឹងធ្វើដំណើរទៅប្រកួតនៅទឹកដីអង់គ្លេស សម្រាប់ជើងទី២។ Sevilla គឺជាក្រុមដែលមានឱកាសច្រើនជាង ខណៈដែល Man United ហាក់មិនផ្តោតទៅលើការវាយសម្រុកឡើយ បើទោះបីមានវត្តមានតារាឆ្នើម Alexis Sanchez, Romelu Lukaku និង Juan Mata ក្នុងតំបន់ប្រយុទ្ធរបស់ពួកគេក៏ដោយ។
Lukaku បានស៊ុតបាល់បញ្ចូលទី១គ្រាប់ តែមិនត្រូវបានអនុញ្ញាតឲ្យចូលទីជាផ្លូវការ ប៉ុន្តែ Man United បានលេងប្រកបដោយភាពប្រុងប្រយ័ត្ន ក្នុងការប្រកួតដ៏សំខាន់បែបនេះ ក្រោមការដឹកនាំរបស់លោក Mourinho។ ការអសមត្ថភាពរបស់ពួកគេ និងការគ្មានសុច្ឆន្ទៈក្នុងការរកគ្រាប់បាល់ក្រៅដី ធ្វើឲ្យការប្រកួតនេះស្ថិតក្នុងលក្ខណៈបើកចំហរ នៅមុនពេលការប្រកួតជើងទី២ ខណៈដែល Man United សម្លឹងរកការឈ្នះកៅអីទៅលេងក្នុងវគ្គ៨ក្រុមចុងក្រោយរបស់ពួកគេនៃក្របខ័ណ្ឌ Champions League ជាលើកទី១របស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ២០១៤៕
ប្រភព៖ Channel News Asia