ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានអនុញ្ញាតឲ្យសម្រាក ខណៈដែល Real Madrid បានធ្វើការវាយបកដេញតាមពីក្រោយ ដើម្បីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ នៅលើទឹកដីក្រុម Leganes កាលពីថ្ងៃពុធ និងឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាងក្របខ័ណ្ឌ La Liga។
ខ្សែការពារ Unai Bustinza បានជួយឲ្យក្រុម Leganes មានគ្រាប់បាល់នាំមុខមុននាកីឡដ្ឋាន Butarque ដើម្បីនាំឲ្យមានក្តីសង្ឃឹមថា ក្រុមម្ចាស់ផ្ទះ អាចនឹងដណ្តើមបានជ័យជម្នះដ៏មិននឹកស្មានដល់មួយផ្សេងទៀត ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ ក្រោយពីពួកគេបានទម្លាក់ក្រុម Real ឲ្យធ្លាក់ចេញពីពាន Copa del Rey។
ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមម្ចាស់ការពារតំណែងជើងឯករបស់អឺរ៉ុបមួយនេះ បានធ្វើឲ្យការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងម៉ាឌ្រីដតែមួយ មួយនេះ មានលទ្ធផលប្រែប្រួលនៅមុនពេលបញ្ចប់តង់ទី១ ខណៈដែលកីឡាករ Lucas Vazquez និង Casemiro សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីដូចគ្នា។ ខ្សែការពារ Sergio Ramos បានបំពេញជ័យជម្នះរបស់ក្រុម តាមរយៈការស៊ុតបាល់ប៉េណាល់ទី ១គ្រាប់ នៅជិតបញ្ចប់ការប្រកួត។
លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real បានឲ្យដឹងថា៖ «វាជាជ័យជម្នះមួយផ្សេងទៀត ជាជ័យជម្នះលើកទី៤ជាប់ៗគ្នា ហើយវាពិតជាសំខាន់ណាស់ក្នុងការទទួលបានពិន្ទុ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងពិតជារីករាយណាស់ យើងស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាង ហើយនោះជាលទ្ធផលដ៏សំខាន់សម្រាប់យើង។ យើងចង់បន្តបែបនេះ យើងមានពេលវេលាដ៏លំបាកជាច្រើន ហេតុនេះ យើងចង់ដណ្តើមយកប្រៀបផ្សេងៗពីដំណាក់កាលដ៏ល្អនេះ»៕
ប្រភព៖ Channel News Asia