ក្រុម Shakhtar Donetsk បានធ្វើការវាយបកពីការដេញតាមពីក្រោយ១គ្រាប់ ខណៈដែលការស៊ុតបាល់ពិន័យ Free-kick របស់ខ្សែប្រយុទ្ធ Fred បានជួយឲ្យក្រុមជើងខ្លាំងរបស់អ៊ុយក្រែនមួយនេះ ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Roma កាលពីថ្ងៃពុធ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១របស់ពួកគេ។

កីឡាករវ័យក្មេងសញ្ជាតិតួកគី Cengiz Under បានបង្កើតភាពអស្ចារ្យក្នុងការបង្ហាញខ្លួនជាលើកទី១របស់គេក្នុងក្របខ័ណ្ឌ Champions League សម្រាប់ក្រុម Roma តាមរយៈការរកគ្រាប់បាល់បើកឆាកនៅនាទី ទី៤១។ ប៉ុន្តែ គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី២ ពីសំណាក់កីឡាករ Facundo Ferreyra និង Fred បានធ្វើឲ្យការប្រកួតវគ្គនេះ មានតុល្យភាពវិញ នៅមុនពេលការប្រកួតជើងទី២ នៅកីឡដ្ឋាន Stadio Olimpico ក្នុងរយៈពេល៣សប្តាហ៍ទៀត។

Roma ដែលកំពុងតែសម្លឹងរកការឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយជាលើកទី១របស់ពួកគេ ក្នុងរយៈពេល១០ឆ្នាំនោះ បានចាប់ផ្តើមយ៉ាងល្អ ស្របពេលដែល Shakhtar ដែលទើបតែបានវិលទៅកាន់ការប្រកួតវិញកាលពីចុងសប្តាហ៍មុន ក្រោយពីការសម្រាកនារដូវរងានោះ បានធ្វើឲ្យក្រុមភ្ញៀវមានចន្លោះនៃការគ្រប់គ្រងបាល់ជាច្រើននៅតំបន់កណ្តាល។ ក្រុមរបស់អ៊ីតាលីមួយនេះ មានឱកាសក្នុងការរកគ្រាប់បាល់នាំមុខមុន នៅនាទី ទី៦ ប៉ុន្តែ អ្នកចាំទី Andriy Pyatov បានសង្គ្រោះបាល់យ៉ាងល្អពីការស៊ុតរបស់ខ្សែប្រយុទ្ធ Edin Dzeko។ នៅនាទី ទី២១ Dzeko បានបង្ខំឲ្យ Pyatov ធ្វើការសង្គ្រោះបាល់មួយផ្សេងទៀត ជាមួយនឹងការស៊ុតបាល់សំដៅជ្រុងម្ខាងនៃទី ក្រោយពីការវាយបករហ័ស ប៉ុន្តែអ្នកចាំទីរូបនេះមិនអាចសង្គ្រោះបាល់ពីការស៊ុតរបស់តារាឆ្នើមវ័យក្មេង Under បានឡើយ៕

ប្រភព៖ Channel News Asia