ក្រុម Manchester United និង Chelsea នឹងត្រូវជួបគ្នានៅថ្ងៃអាទិត្យនេះ ស្របពេលដែលការចាប់អារម្មណ៍ផ្សេងៗនឹងធ្លាក់ទៅលើគ្រូបង្វឹករបស់ក្រុមទាំងពីរ ក្រោយពីការមានសង្គ្រាមពាក្យសម្តីរវាងលោក Jose Mourinho និងលោក Antonio Conte ហើយក្រុម Liverpool អាចនឹងដណ្តើមយកប្រៀបពីការប្រកួតនេះ។
ប្រសិនបើមានក្រុមណាមួយ ឬក្រុមទាំង២បាត់បង់ពិន្ទុដូចគ្នានាកីឡដ្ឋាន Old Trafford ក្រុមរបស់លោក Jurgen Klopp នឹងស្ថិតក្នុងទីតាំងដ៏ល្អក្នុងការដណ្តើមយកប្រៀបផ្សេងៗ ក្នុងពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Ham បន្ទាប់ពីសម្រាកអស់១០ថ្ងៃ បន្ទាប់ពីបានផ្តួលក្រុម Porto ក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ។
លោក Conte និងលោក Mourinho បានប៉ះទង្គិចពាក្យសម្តីគ្នាយ៉ាងខ្លាំងក្លានៅរដូវកាលនេះ ខណៈដែលគ្រូបង្វឹកទាំងពីរសុទ្ធសឹងបាននិយាយថា ពួកគេមានអារម្មណ៍ «អាណិតគ្នាទៅវិញទៅមក»។ ជម្លោះពាក្យសម្តីនេះបានកើតឡើង នៅពេលដែលគ្រូបង្វឹករបស់ក្រុម Man United លោក Mourinho បាននិយាយថា លោកមិនចាំបាច់បញ្ចេញកាយវិការ «ដូចតួកប្លែង» ក្បែរខ្សែបន្ទាត់នៃទីលានឡើយ។ ការលើកឡើងនេះ ត្រូវបានគេជឿជាក់ថា មានគោលដៅទៅលើលោក Conte ដែលបានឆ្លើយតបវិញតាមរយៈការបញ្ជាក់ថា លោក Mourinho ប្រាកដជា «មានបញ្ហាខួរក្បាល» ឬវិលកលចរិក។ បន្ទាប់មកនៅពេលដែលលោក Mourinho ហាក់ដូចជាចង់និយាយពីចញ្ឆិតបញ្ឆៀងទៅលើការពិន័យដែលលោក Conte បានរងទាក់ទងនឹងរឿងអាស្រូវនៃការកំណត់លទ្ធផលនៃការប្រកួតទុកជាមុន ស្របពេលដែលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ដែលក្រោយមកត្រូវបានគេប្រកាសថា មិនបានធ្វើអ្វីខុសឡើយទៅលើបញ្ហានេះ បានឆ្លើយតបវិញតាមរយៈការចោទប្រកាន់គូប្រកួតរបស់លោក «ជាសុភាពបុរសក្លែងក្លាយ»។
ថ្មីៗនេះ Man United ហាក់ដូចជាគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងចំណាត់ថ្នាក់លេខ២ នៅលើតារាង Premier League បើទោះបីក្រុម Man City មានពិន្ទុដាច់យ៉ាងឆ្ងាយក៏ដោយ ប៉ុន្តែ ការបរាជ័យ២លើកក្នុងការប្រកួត៣លើកចុងក្រោយ បានធ្វើឲ្យក្រុមរបស់លោក Mourinho ហាក់កំពុងតែស្ថិតក្នុងបញ្ហា ស្របពេលដែលពួកគេត្រូវជួបប្រកួតក្រុមខ្លាំងទាំង៤ទៀត ក្នុងនោះរាប់បញ្ចូលទាំង Chelsea ដែលឈរលេខ៤ផងដែរ។ ការប្រកួតរវាងក្រុម Man United និង Chelsea នឹងចាប់ផ្តើមនៅម៉ោង២:០៥យប់៕