លោក Jose Mourinho បានកោតសរសើរចំពោះសមត្ថភាពរបស់ខ្សែប្រយុទ្ធ Romelu Lukaku ក្នុងការស្រោចស្រង់ពីការចាប់ផ្តើមទាំងត្រដាបត្រដួស ខណៈដែលតារាឆ្នើមអន្តរជាតិបែលហ្ស៊ិករូបនេះ បានជួយឲ្យក្រុម Manchester United បំពេញការវាយបកដើម្បីផ្តួលក្រុម Chelsea ២-១ នាកីឡដ្ឋាន Old Trafford កាលពីថ្ងៃអទិត្យ។

Lukaku បានលុបចោលគ្រាប់បាល់បើកឆាករបស់ខ្សែបម្រើ Willian តាមរយៈការរកគ្រាប់បាល់បញ្ចូលទីជាលើកទី១ របស់គេសម្រាប់ Man United នៅពេលប្រកួតជាមួយនឹងក្រុមខ្លាំងទាំង៦ របស់ក្របខ័ណ្ឌ Premier League នៅមុនពេលបញ្ជូនបាល់ទៅឲ្យខ្សែបម្រើ Jesse Lingard ដើម្បីរកគ្រាប់បាល់ឈ្នះនៅរយៈពេល ១៥នាទីចុងក្រោយ។

ទាក់ទងនឹងទៅនឹងទម្រង់លេងរបស់ Lukaku លោក Mourinho បានឲ្យដឹងថា៖ «ខ្ញុំគិតថា រូបគេបានលេងយ៉ាងល្អ។ ក្រុមនេះមិនបានចាប់ផ្តើមល្អឡើយ មិនបានចាប់ផ្តើមប្រកបដោយការជឿជាក់ឡើយ ហើយបញ្ហានេះ បានកើតឡើងលើរូបគេដូចគ្នា។ រូបគេហាក់ដូចជាបាត់បង់នូវការផ្តោតអារម្មណ៍បន្តិច ប៉ុន្តែ បន្ទាប់មក រូបគេបានលេងស៊ីចង្វាក់គ្នាល្អជាមួយនឹងក្រុមនេះ។ រូបគេបានបញ្ចប់ការប្រកួតនេះជាមួយនឹងការមានគ្រាប់បាល់១គ្រាប់ក្នុងដៃ»។

ការទទួលជ័យជម្នះនៅពេលប្រកួតជាមួយនឹងអតីតក្លិបរបស់ខ្លួនគឺជាលទ្ធផលដ៏រីករាយមួយសម្រាប់លោក Mourinho ខណៈដែលលោកក៏បានយកឈ្នះលើគ្រូបង្វឹកនៃក្រុមតោខៀវ លោក Antonio Conte ផងដែរ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺថា Man United វិលទៅឈរពីលើក្រុម Liverpool វិញ ក្នុងចំណាត់ថ្នាក់លេខ២ លើតារាងក្របខ័ណ្ឌ Premier League។ Lukaku បាននិយាយបន្ទាប់ពីការប្រកួតថា៖ «វាជាថ្ងៃដ៏ល្អមួយសម្រាប់ខ្ញុំ ហើយយើងបានឈ្នះ ហេតុនេះ ជ័យជម្នះនោះគឺជារឿងដ៏សំខាន់បំផុត»៕