គ្រូបង្វឹកក្រុម Shan United របស់មីយ៉ាន់ម៉ា លោក Soe Myat Min ហាក់មិនបានមើលរំលងពីទម្រង់លេងរបស់ក្រុមបឹងកេត នោះទេ សម្រាប់ការជួបគ្នា ក្នុងការប្រកួតលើកទី២ វគ្គចាប់ពូលពានរង្វាន់ AFC Cup 2018 នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារនេះ។

លោក Soe Myat Min បានគិតទុកជាមុនថា ជំនួបជាមួយក្រុមបឹងកេត លើកនេះ នឹងក្លាយជាការប្រកួតដ៏លំបាកមួយ សម្រាប់ក្រុមរបស់លោក ក្នុងការដណ្តើមយក៣ពិន្ទុ ព្រោះបឹងកេត ដែលបានចាញ់ក្រុម Ceres-Negros ៩-០ ក្នុងការប្រកួតជើងទី១ កន្លងមកនេះ នឹងព្យាយាមស្វែងរកការឈ្នះ ចំពោះការជួបក្រុម Shan United នៅលើទឹកដីរបស់ពួកគេ លើកនេះ។

លោក Soe Myat Min បាននិយាយ ក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទ ម្សិលមិញថា៖ «ក្រុមទាំង២ បានជួបការបរាជ័យ លើកទី១ដូចគ្នា អ៊ីចឹងខ្ញុំគិតថា ក្រុមបឹងកេត នឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីរកពិន្ទុត្រឡប់មកវិញ។ ហេតុនេះការប្រកួតនៅថ្ងៃស្អែក (ថ្ងៃអង្គារនេះ) នឹងក្លាយជាការប្រកួតមួយដ៏ល្អ និងមានការទាក់ទាញខ្លាំង»។

លោក បានបន្ថែមថា៖ «រាល់ការប្រកួតនៅក្រៅទឹកដី វាតែងតែជាការប្រកួតដ៏លំបាកសម្រាប់ពួកយើង ហើយការប្រកួតលើកនេះ ជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមទាំង២ ដើម្បីដណ្តើមគ្នាយក៣ពិន្ទុជាលើកដំបូង ដូច្នេះពួកយើង នឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបាន៣ពិន្ទុលើកនេះ»។

គួរបញ្ជាក់ថា ក្រុម Shan United របស់មីយ៉ាន់ម៉ា ក៏ទទួលបានការខកចិត្ត ក្នុងការប្រកួតជើងទី១ នៅលើទឹកដីរបស់ខ្លួនឯងផងដែរ ព្រោះពួកគេបានចាញ់ក្រុម Home United របស់សិង្ហបុរី ១-០ តែវាប្រសើរជាងក្រុមបឹងកេត របស់កម្ពុជា ដែលបានចាញ់ក្រុម Ceres-Negros របស់ហ្វីលីពីន រហូតដល់ ៩-០ ហើយលទ្ធផលនេះធ្វើឲ្យក្រុមបឹងកេត កំពុងឈរនៅបាតតារាងប្រចាំពូលF ខណៈក្រុម Ceres ឈរនៅលេខ១ ក្រុម Home United ឈរនៅលេខ២ និងក្រុម Shan United ឈរនៅចំណាត់ថ្នាក់លេខ៣៕