យោងគេហទំព័រ Marca បានចុះផ្សាយកាលពីថ្ងៃចន្ទថាៈ មេធាវីរបស់ខ្សែបម្រើ Sami Nasri បានបញ្ចាក់ថាកូនក្រុមរបស់លោកត្រូវបានសហព័ន្ធបាលទាត់ទ្វីបអឺរ៉ុបហៅកាត់(UEFA)ហាមមិនអោយចូលរួមប្រកួតចំនួន ៦ខែ ក្រោយមានការសើបអង្កេតរកឃើញ ដោយសារតែការព្យាបាលតាមវិធីតំណក់ទឹក(drip treatment)ដែលអតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំងរូបនេះបានទទួលការព្យាបាលនៅគ្លីនីកមួយកន្លែងនៅទីក្រុង Los Angeles សហរដ្ឋ អាមេរិកក្នុងឆ្នាំ២០១៦ ខែធ្នូ។


កីឡាករវ័យ ៣០ឆ្នាំរូបនេះទទួលការព្យាបាលអំឡុងពេលសម្រាកលម្ហែកាយ ប៉ុន្តែការព្យាបាលរបៀបនោះគឺខុសទៅនឹងច្បាប់របស់ភ្នាក់ងារប្រឆាំងដូពីង(សារធាតុប៉ូវកម្លាំងខុសច្បាប់) ពិភពលោក ដែលនាំឱ្យមានការស៊ើបអង្កេតពីអង្គភាពប្រឆាំងដូពីងអេស្ប៉ាញ។

អំឡុងពេលលេងអោយក្រុម Sevilla ក្នុងនាមជាកីឡាករខ្ចីជើងពីក្រុម Man.City Nasri រូបគេ មានអការៈមិនស្រួលខ្លួន និងក្អួត និងក្រោយពីបានទទួលកាណែនាំ និងធ្វើរោគវិនិច្ឆ័យពីវេជ្ជបណ្ឌិត Dr Sarabjit Anand និងអនុវត្តន៏ដោយជំនួយការគឺនាង Jamila Sozahdah ខណៈរូបគេបានទទួលការព្យាបាលពីក្រុមហ៊ុនវេជ្ជសាស្ត្រ ឯកជនឈ្មោះ Drip Doctors នៅក្នុងបន្ទប់សណ្ឋាគារដែលគេស្នាក់នៅផ្ទាល់តែម្តង។

ច្បាប់របស់ភ្នាក់ងារប្រឆាំងដូពីងពិភពលោកបានកំនត់ថាៈ អត្តពលិកដែលកំពុងប្រកបអាជីពម្នាក់អាចចាក់បញ្ចូលសារធាតុចិញ្ចឹមរាងកាយចំណុះ ៥០មីល្លីលីត្រក្នុងរយៈពេល ៦ម៉ោង ប៉ុន្តែសម្រាប់ករណី Nasri រូបគេបានចាក់បញ្ចូលដល់ទៅ ៥០០មីល្លីលីត្រមានន័យថា ១ ទ្វេជា ១០ ឯណោះ។

អតីតកីឡាករក្រុមជម្រើសជាតិបារាំងវ័យ ៣០ឆ្នាំរូបនេះ ធ្លាប់សាងភាពល្បីល្បាញលេងអោយ ​Arsenal​ ចន្លោះឆ្នាំ ២០០៨-២០១១ មុនពេលផ្ទេរទៅក្រុម Man.City ក្នុងតម្លៃ ២៥លានផោន និងបានជួយក្រុមលើកពាន Premier League ពីររដូវកាលនៅកីឡាដ្ឋាន Ethihad Stadium។ កំលុងពេលលេងអោយក្រុម Sevilla ជាលក្ខណ្ឌខ្ចីជើង Nasri បង្ហាញខ្លួនបាន​ ៣០ដង និងស៊ុតបញ្ជូលទីបាន ៣ប្រកួតផងដែរ។

បច្ចុប្បន្នខ្សែបម្រើកណ្តាលរូបនេះមិនមានក្លឹបសម្រាប់លេងនោះទេ គិតចាប់តាំងពីខែមករា ២០១៨មកក្រោយចំណាយពេល៦ខែជាមួយក្រុមនៅតួគី Antalyaspor ។