ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានអនុញ្ញាតឲ្យសម្រាក ហើយសមាជិកក្រុមរបស់ពួកគេមិនបានបង្ហាញពីទម្រង់លេងដ៏ខ្លាំងឡើយ ខណៈដែលក្រុម Real Madrid បានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម Espanyol កាលពីថ្ងៃអង្គារ។

ខ្សែប្រយុទ្ធ Gerard Moreno បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី៩៤ នាកីឡដ្ឋាន RCDE ខណៈដែលការផ្លាស់ប្តូរកីឡាករក្នុងជម្រើសទាំង ១១នាក់ដំបូងចុះឡើងរបស់ក្រុម Real បានផ្តល់នូវការខកចិត្តសម្រាប់ការបង្ហាញពីទម្រង់លេងមិនបានល្អ។ ខ្សែប្រយុទ្ធ Gareth Bale, Marco Asensio និងខ្សែបម្រើ Isco សុទ្ធសឹងបានជួបភាពត្រដាបត្រដួសក្នុងការបង្ហាញថ្វីជើងរបស់ពួកគេ ខណៈដែលតារាឆ្នើមទាំង៣ បានខ្ជះខ្ជាយឱកាសជាច្រើន ក្នុងការបង្កើតឲ្យការចាប់អារម្មណ៍ នៅមុនពេលការប្រកួតដ៏សំខាន់ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជើងទី២ ជាមួយនឹងក្រុម Paris Saint-Germain នៅសប្តាហ៍ក្រោយ។

Bale ពិតជាមិនត្រឹមតែជាកីឡាករតែម្នាក់របស់ក្រុម Real ដែលធ្លាក់ចុះទម្រង់លេងឡើយ ប៉ុន្តែ ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះ ដែលបច្ចុប្បន្នវិលរកភាពរឹងមាំឡើងវិញ ក៏ប្រហែលជាកំពុងតែស្ថិតក្រោមសម្ពាធដ៏ធំផងដែរ ក្នុងការបង្ហាញពីភាពខ្លាំងរបស់ពួកគេ។ ក្រោយពីបានខ្ជះខ្ជាយឱកាសជាច្រើនក្នុងការរកគ្រាប់បាល់ពីមុខទី និងទទួលបានការពិន័យកាតលឿង ក្នុងតង់ទី១ រូបគេត្រូវបានប្តូរចេញនៅរយៈពេល៩នាទីចុងក្រោយ។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Zinedine Zidane មិនបានធ្វើការរិះគន់ទៅលើទម្រង់លេងរបស់ Bale ឬ កីឡាករផ្សេងទៀតឡើយ បន្ទាប់ពីការប្រកួតនេះ៕