ម្ចាស់មេដាយមាសអូឡាំពិកច្រើនជំនាន់ Usain Bolt នឹងត្រូវចូលលេងដើម្បីប៉ះជាមួយនឹងតារាចម្រៀងចក្រភពអង់គ្លេស Robbie Williams ក្នុងការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌មួយនាកីឡដ្ឋាន Old Trafford របស់ក្រុម Manchester United។

នេះបើយោងទៅតាមការបញ្ជាក់របស់កីឡាកររត់ប្រណាំងសញ្ជាតិហ្សាម៉ាអ៊ីករូបនេះ កាលពីថ្ងៃអង្គារម្សិលមិញ។ ខណៈដែលបច្ចុប្បន្នកំពុងតែចូលនិវត្តន៍ពីការប្រកួត Bolt បានបង្កើតឲ្យមានការចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃចន្ទ តាមរយៈការអះអាងថា រូបគេបានចុះហត្ថលេខាជាមួយនឹងក្លិបកីឡាបាល់ទាត់មួយ ហើយនិងធ្វើការប្រកាសជាផ្លូវការក្នុងរយៈពេល ២៤ម៉ោងទៀត។ ប៉ុន្តែ ក្រុមថ្មីរបស់គេមានឈ្មោះថា Soccer Aid World XI ដែលជាក្រុមប្រជុំដោយតារាល្បីៗ ដែលត្រូវបានបង្កើតឡើងដើម្បីរ៉ៃអង្គាសប្រាក់សម្រាប់មូលដ្ឋានកុមាររបស់អង្គការសហប្រជាជាតិ UNICEF។

Bolt មិនត្រឹមតែចូលលេងក្នុងកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែ រូបគេក៏ចូលលេងក្នុងនាមជាប្រធានក្រុមផងដែរ ខណៈដែលតារាចម្រៀង Williams នឹងត្រូវតំណាងឲ្យក្រុមអង់គ្លេសក្នុងក្រុមជាគូបដិបក្ខ។ ក្នុងនិយាយជាសាធារណៈដែលត្រូវបានផ្សាយបន្តដោយ Bolt វ័យ៣១ឆ្នាំ នៅលើបណ្តាញសង្គម Twitter របស់គេកាលពីថ្ងៃអង្គារថា Williams ដែលត្រូវពាក់អាវរបស់អង់គ្លេស បានបញ្ជាក់ថា ការប្រកួតនេះ នឹងមានតារាល្បីៗជាច្រើនសម្រាប់ការប្រកួតរបស់ក្រុម Soccer Aid World XI។ ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមិថុនា នៅមុនពេលព្រឹត្តិការណ៍ World Cup ចាប់ផ្តើមប្រកួតនៅប្រទេសរុស្ស៊ី៕