លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham Hotspur បានច្រានចោលចំពោះការលើកឡើងផ្សេងៗដោយអតីតគ្រូបង្វឹករបស់ក្លិប Spurs លោក Andre Villas-Boas ថា ខ្សែប្រយុទ្ធ Harry Kane ត្រូវតែចាកចេញពីក្លិបនេះ ប្រសិនបើរូបគេចង់ឈ្នះពាននានា។

លោក Villas-Boas បានផ្តល់ឱកាសឲ្យ Kane បង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាលើកទី១របស់គេ កាលពីឆ្នាំ២០១២ ប៉ុន្តែ អាជីពរបស់តារាឆ្នើមអន្តរជាតិអង់គ្លេសរូបនេះ បានទទួលផ្លែផ្កាត្រឹមពេលដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានចាកចេញកាលពីខែធ្នូ ឆ្នាំ២០១៣។ បច្ចុប្បន្ន Kane បានស៊ុតបាល់បញ្ចូលទីច្រើនជាង ១០០គ្រាប់ ក្នុងរយៈពេល៤រដូវកាលរបស់គេ ប៉ុន្តែ ក្រុម Tottenham មិនបានឈ្នះពានអ្វីឡើយ ស្របពេលដែលខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេទាក់ទងជាច្រើនជាមួយនឹងការផ្ទេរទៅកាន់ក្លិបម្ចាស់ជើងឯកអឺរ៉ុប Real Madrid។

លោក Villas-Boas បានឲ្យដឹងកាលបីសប្តាហ៍នេះថា៖ «ប្រសិនបើរូបគេពិតជាស្រេកឃ្លានក្នុងការឈ្នះពានមែននោះ រូបគេនឹងត្រូវតែចាកចេញពីក្លិប Spurs ហើយប្រសិនបើរូបគេមិនចង់ឈ្នះពានទេនោះ ប៉ុន្តែចង់បានស្ថិរភាព និងការទទួលស្គាល់ រូបគេនឹងត្រូវបន្តនៅជាមួយនឹង Spurs»។ ប៉ុន្តែ ទោះបីជាយ៉ាងណា នៅមុនពេលការប្រកួតរបស់ក្រុម Spurs ជាមួយនឹង Rochdale ក្នុងពាន FA Cup នារាត្រីនេះ លោក Pochettino បានបញ្ជាក់ថា Kane អាចបំពេញមហិច្ឆតារបស់ខ្លួន តាមរយៈការបន្តនៅជាមួយនឹងក្លិប Tottenham៕