Enrique Castro ‘Quini’ អតីតខ្សែប្រយុទ្ធក្រុម FC Barcelona និងជម្រើសជាតិអេស្ប៉ាញ បានទទួលមរណៈភាព នៅអាយុ៦៨ឆ្នាំ កាលពីយប់មិញ ដោយសារគាំងបេះដូង នៅជិតផ្ទះរបស់លោក នាភាគខាងជើងទីក្រុង Gijon ប្រទេសអេស្ប៉ាញ។

Quini គឺជាខ្សែប្រយុទ្ធល្អបំផុតម្នាក់ ក្នុងប្រវត្តិសាស្ត្របាល់ទាត់អេស្ប៉ាញ ដោយលោកស៊ុតបាន ២៣១គ្រាប់ ក្នុង៤៤៣ប្រកួតឲ្យក្រុម Sporting Gijon។ ជាងនោះទៀត លោកស៊ុតបាន ៥៤គ្រាប់ ក្នុង១០០ប្រកួត ឲ្យក្រុម Barcelona។ រីឯនៅជម្រើសជាតិអេស្ប៉ាញ លោកបង្ហាញខ្លួនបាន ៣៥ប្រកួត រួមទាំងបានលេងនៅ World Cups ឆ្នាំ១៩៧៨ និងឆ្នាំ១៩៨២ ផងដែរ។

អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះ ធ្លាប់ឈ្នះពាន Pichichi Trophy ដែលជាពានរង្វាន់អ្នកស៊ុតចូលទីច្រើនជាងគេនៅ La Liga បានចំនួន ៥ដង ចន្លោះឆ្នាំ១៩៧៤-១៩៨២ ដែលចំនួននេះគឺច្រើនជាង Cristiano Ronaldo និង Lionel Messi នាពេលបច្ចុប្បន្នទៅទៀត។

នៅឆ្នាំ១៩៨១ លោក Quini ត្រូវបានខ្មាំន់កាំភ្លើងចាប់ចំរិត បន្ទាប់ពីស៊ុត២គ្រាប់ ជួយឲ្យ Barcelona ឈ្នះ Hercules ៦-០ ខណៈដែលលោកកំពុងធ្វើដំណើរត្រឡប់ទៅព្រលានយន្តហោះ ដើម្បីជួបប្រពន្ធ និងកូន។ លុះដល់២៥ថ្ងៃក្រោយ ទើបខ្មាន់កាំភ្លើងដោះលែងវិញ ហើយលោកក៏នៅតែជាកីឡាករ Top Scorer នៅ La Liga រដូវកាលនោះដដែល។

ក្លឹប Barcelona បានចេញសេចក្តីថ្លែងការណ៍ថា៖ “Enrique Castro ‘Quini’ បានទទួលមរណៈភាព (១៩៤៩-២០១៨)។ គាត់ជាកីឡាករ និងជាវីរបុរសរបស់ក្លឹបយើង។ Camp Nou នឹងគ្មានថ្ងៃបំភ្លេចអ្នកទេវីរបុរស..សូមទៅឲ្យបានស្ងប់ (RIP)”៕
Via :sportrefresh