បាល់ទាត់៖ មិន​ដល់​បួន​ខែ​ទៀត​ទេ​ ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ដែល​រុស្ស៊ី​ ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ចាប់ផ្ដើម​ការប្រកួត​ហើយ ក្នុង​នោះ​លោក Alexei Sorokin នាយក​ប្រតិបត្តិ​ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កម្ម​វិធី​ក្នុងស្រុកបាន​សន្យា​ថា​ នឹង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ល្អ​បំផុត ហើយ​លោក​បាន​អះអាង​បន្ថែម​ថា ​គ្រប់យ៉ាង​នឹង​រៀបរយ​ពីរ​ទៅ​បី​សប្ដាហ៍មុន​ការប្រកួត​ចាប់ផ្ដើម​។


​ការ​ថ្លែង​បែបនេះ​បាន​ធ្វើ​ឡើង​នៅ​ក្រុង​សូ​ជី ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​គ្រូ​បង្វឹក​ទាំង​ ៣២​ក្រុម​ និង​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​។ រុស្ស៊ី​ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ រៀបចំ​ព្រឹត្តិការណ៍​បួន​ឆ្នាំ​ម្ដង​មួយ​នេះពី​ថ្ងៃ​ទី​១៤ មិថុនា ដល់​ថ្ងៃ​ទី​១៥ កក្កដា ដែល​មាន​កីឡដ្ឋាន​ចំនួន​១២ ស្ថិតនៅ​ ១១​ទីក្រុង​ផ្សេងគ្នាដូចជា Moscow, St Petersburg, Kazan និង Sochi ជាដើម ដោយ​កីឡដ្ឋាន​មួយ​ចំនួន​តូច​កំពុង​ស្ថិត​ក្នុង​ការ​សាងសង់​។​ គួរ​បញ្ជាក់​ដែរ​ថា ​អំឡុង​ព្រឹត្តិការណ៍​បាល់ទាត់ World Cup ២០១៨ ស្ថានទូត​រុស្ស៊ី​នឹង​ជួយ​សម្រួល​ទិដ្ឋាការ ​និង​មធ្យោ​បាយ​​ដឹកជញ្ជូន​ទៅកាន់​កីឡដ្ឋាន​ ប្រសិនបើ​ប្រជាជន​កម្ពុជា​ចង់​ទៅ​ទស្សនា​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​៕
Via :bayontv