ខ្សែប្រយុទ្ធ Fernando Llorente បានស៊ុតបាល់បញ្ចូលទី ៣គ្រាប់ក្នុងតង់ទី២ ខណៈដែលក្រុម Tottenham Hotspur បានឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃពាន FA Cup ក្រោយពីបានលត់ក្រុម Rochdale យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ នាកីឡដ្ឋានដែលមានព្រឹលធ្លាក់ខ្លាំង Wembley ក្នុងការប្រកួតជុំទី៥ កាលពីថ្ងៃពុធ។

ការប្រកួតនេះ ហាក់ស្ទើរតែត្រូវបានរំខានទាំងស្រុងដោយសារតែភាពចម្រូងចម្រាស់នៃវីដេអូជំនួយការអាជ្ញាកណ្តាលទៅហើយ ខណៈដែលការប្រកួតនៅត្រង់ទី១ ដែលបានបញ្ចប់ក្នុងលទ្ធផល ១-១ ត្រូវបានផ្អាកជាបន្តបន្ទាប់គ្នាដើម្បីធ្វើការត្រួតពិនិត្យ។ ប៉ុន្តែ ការស៊ុតបាល់បញ្ចូលទី ៣គ្រាប់របស់ Llorente បានបញ្ចប់ការសង្ស័យផ្សេងៗទៅលើលទ្ធផល ខណៈដែលតារាឆ្នើម Son Heung-Min ដែលបានរកគ្រាប់បាល់បើកឆាកនៅរាត្រីនេះ បានជួយឲ្យក្រុមខ្លួននាំមុខដល់ទៅ ៥-១ នៅនាទី ទី៦៥។ Spurs ដែលម្ចាស់ជើងឯកពាន FA Cup ៨សម័យកាលនោះ បច្ចុប្បន្ន នឹងត្រូវធ្វើដំណើរទៅជួបក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League ដូចគ្នាគឺ Swansea ក្នុងវគ្គ៨ក្រុមចុងក្រោយ ខណៈដែលពួកគេ នឹងត្រូវបន្តធ្វើការប្រជែងឈ្នះពានរង្វាន់ដ៏សំខាន់មួយជាលើកដំបូង ចាប់តាំងពីបានលើកពាន League Cup កាលពីឆ្នាំ២០០៨។

ក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៣ Rochdale មិនបានធ្វើការផ្លាស់ប្តូរពីក្រុមដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Spurs ក្នុងការប្រកួតទី១ឡើយ ស្របពេលដែលលោក Mauricio Pochettino គ្រូបង្វឹករបស់ Tottenham បានផ្លាស់ប្តូរកីឡាករដល់ទៅ ៩នាក់ពីក្រុមដែលបានយកឈ្នះលើក្រុម Crystal Palace ១-០ ក្នុងការប្រកួតក្របខ័ណ្ឌលីក កាលពីចុងសប្តាហ៍មុននេះ៕