តារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar នឹងត្រូវទទួលការវះកាត់ នៅលើឆ្អឹងប្រអប់ជើងដែលបាក់របស់គេនៅប្រទេសប្រេស៊ីល នាចុងសប្តាហ៍នេះ ដែលនាំឲ្យកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ពិភពលោកមួយនេះ អវត្តមានក្នុងការប្រកួតដ៏សំខាន់របស់ក្រុម Paris Saint-Germain ក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Real Madrid។

ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ បានរងរបួសបាក់ឆ្អឹងម្រាមជើងទី៥ នៅត្រង់ប្រអប់ជើងស្តាំរបស់គេ ក៏ដូចជាគ្រេចកជើងផងដែរ ក្នុងពេលក្រុម PSG ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុម Marseille ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃអាទិត្យ។ PSG បានបញ្ជាក់កាលពីថ្ងៃពុធថា លោក Rodrigo Lasmar ដែលជាវេជ្ជបណ្ឌិតផ្នែកវះកាត់សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល នឹងទទួលខុសត្រូវទៅលើការវះកាត់នេះ។

កាលពីថ្ងៃអង្គារឪពុករបស់កីឡាកររូបនេះ បានអះអាងថា Neymar នឹងត្រូវអវត្តមានយ៉ាងហោចណាស់រយៈពេល៦សប្តាហ៍។ ក្នុងពេលនិយាយទៅកាន់បណ្តាញសារព័ត៌មាន ESPN ក្នុងប្រទេសប្រេស៊ីល នៅមុនពេលការប្រកាសរបស់ក្លិប PSG ឪពុករបស់ Neymar បាននិយាយថា៖ «PSG ដឹងថា ពួកគេនឹងមិនអាចដាក់ក្តីសង្ឃឹមលើ Neymar បានឡើយសម្រាប់ការប្រកួតនេះពេលខាងមុខនេះ។ ការព្យាបាលបាលរបស់គេនឹងមានរយៈពេលពី ៦ ទៅ ៨ សប្តាហ៍ មិនថា មានការវះកាត់ ឬអត់ក៏ដោយ»៕